(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននិងពិភពលោកទាំងមូល ចង់ឃើញរុស្ស៉ី ចូលរួមក្នុងវេទិកាអន្តរជាតិនានា ដែលមានគោលដៅស្វែងរកទីបញ្ចប់ សម្រាប់សង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤។
លោក ហ្សេលេនស្គី បានលើកឡើងថា «ភាគច្រើននៃពិភពលោកនាពេលនេះ ចង់ឱ្យរុស្ស៉ីចាំបាច់ត្រូវតែមានវត្តមាន នៅកិច្ចប្រជុំសន្តិភាពលើកទី២ ក្រោមហេតុផលថា បើពុំដូច្នោះទេ យើងនឹងមិនអាចសម្រេចបានលទ្ធផល ដែលមានអត្ថន័យណាមួយឡើយ។ ដោយសារតែពិភពលោកទាំងមូល ចង់ឱ្យរុស្ស៉ីមានវត្តមានយ៉ាងដូច្នេះ ពួកយើងផ្ទាល់មិនអាចជំទាស់បានទេ»។ លោក ហ្សេលេនស្គី បានធ្វើការអត្ថាធិប្បាយបែបនេះ ប្រាប់ AFP និងប្រព័ន្ធផ្សព្វផ្សាយបារាំងដទៃទៀត អំឡុងកិច្ចសម្ភាសមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅភាគខាងលិចអ៊ុយក្រែន។
គួរបញ្ជាក់ថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់មកពីប្រទេសជាង៩០ បានទៅប្រមូលផ្តុំគ្នានៅប្រទេសស្វីស កាលពីខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំលើកដំបូង ស្តីពីសន្តិភាពអ៊ុយក្រែន ដែលរុស្ស៉ីចាត់ទុកជា ការចំណាយពេលឥតប្រយោជន៍ ដ្បិតខ្លួនដែលជាភាគីជម្លោះផ្ទាល់ មិនត្រូវបានអញ្ជើញឱ្យចូលរួម។ ប៉ុន្តែចាប់តាំងពីពេលនោះមក លោក ហ្សេលេនស្គី បានបង្ហាញតំរុយថា ទីក្រុងមូស្គូគួរតែមានតំណាងចូលរួមកិច្ចប្រជុំសន្តិភាពលើកទី២ ដែលគ្រោងធ្វើឡើងក្នុងឆ្នាំនេះ ខណៈវាគឺជាផ្លាស់ប្តូរគោលជំហរ បន្ទាប់ពីទីក្រុងកៀវបានប្រកាន់យ៉ាងម៉ឺងម៉ាត់ មិនឱ្យទីក្រុងមូស្គូចូលរួមកិច្ចប្រជុំលើកទី១៕