(កៀវ)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសលីទុយអានី និងមន្រ្តីអាមេរិកម្នាក់និយាយថា យន្តហោះចម្បាំង F-16 នៅក្នុងកញ្ចប់ជំនួយដំបូងបង្អស់ បានទៅដល់ប្រទេសអ៊ុយក្រែនហើយ ជាមួយនិងការរំពឹងទុករបស់ទីក្រុងកៀវថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយកសាងសមត្ថភាពកងទ័ពអាកាសរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ ២០២៤។
លោក Gabrielius Landsbergis រដ្ឋមន្រ្តីការបរទេសលីទុយអានី បានបង្ហោះសារមួយលើបណ្តាញសង្គម X ដូច្នេះថា «វត្តមាន F-16 នៅអ៊ុយក្រែន នឹងធ្វើឱ្យរឿងដែលសឹងតែមិនអាចទៅរួច ប្រែជាអាចសម្រេចបានទាំងស្រុង»។ មន្រ្តីអាមេរិកមួយរូប បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការចែកចាយយន្តហោះចម្បាំង F-16 បានធ្វើឡើងរួចរាល់ហើយ។ កងទ័ពអាកាសអ៊ុយក្រែន មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នៅឡើយទេ។
គួរបញ្ជាក់ថា ប្រទេសដាណឺម៉ាក ប្តេជ្ញាបរិច្ចាគយន្តហោះចម្បាំងសរុបចំនួន ១៩គ្រឿង ខណៈដែលហូឡង់ សន្យាបញ្ជូនទៅអ៊ុយក្រែនចំនួន ២៤គ្រឿង។ ន័រវែស ឯណោះវិញក៏បានអះអាងថា នឹងបរិច្ចាគយន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងទៅកាន់អ៊ុយក្រែនផងដែរ៕