(សេអ៊ូល)៖ កូរ៉េខាងជើង មានបំណងបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី ហើយកំពុងធ្វើការលើការរៀបចំយុទ្ធសាស្ត្រចរចាថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង លោក Ri Il Gyu ដែលបានភៀសខ្លួនចេញពីគុយបា កាលពី ខែកក្កដាកន្លងទៅ រត់ទៅជ្រកកោននៅកូរ៉េខាងត្បូង។ លោក Ri Il Gyu គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង ដែលបានរត់ទៅជ្រកកោននៅកូរ៉េខាងត្បូង ចាប់តាំងពី ឆ្នាំ២០១៦មក។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាលើកដំបូង លោក Ri បាននិយាយថាកូរ៉េខាងជើងបានកំណត់យករុស្ស៉ី សហរដ្ឋអាមេរិក និងជប៉ុន គឺជាគោលនយោបាយការបរទេសជាអាទិភាពកំពូលៗរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤នេះ និងឆ្នាំទៅមុខទៀត។
អតីតមន្ត្រីការទូតកូរ៉េខាងជើងរូបនេះបន្ថែមថាខណៈកំពុងជំរុញទំនាក់ទំនងជាមួយរុស្ស៉ី ទីក្រុងព្យុងយ៉ាងក៏មានបំណងបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញផងដែរ ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មី នៅខែវិច្ឆិកាខាងមុខ ក្នុងគោលបំណងជំរុញឱ្យមានការដកទណ្ឌកម្មលើកម្មវិធីអាវុធ លុបចោលការចាត់ទុកកូរ៉េខាងជើង ជារដ្ឋគាំទ្រភេរវកម្ម និងចង់បានជំនួយសេដ្ឋកិច្ច។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ បានទទួលបរាជ័យ ក្រោយជជែកមិនត្រូវគ្នារឿងដកទណ្ឌកម្ម។ ចាប់តាំងពីពេលនោះមកដែរ កូរ៉េខាងជើងបានចាប់ផ្ដើមធ្វើតេស្ដមីស៊ីលឡើងវិញ ជាមួយការបង្កើនការធ្វើតេស្ដ កាន់តែខ្លាំងជាងមុនទៅទៀត៕