(ហ្គាហ្សា)៖ ប្រទេសកាតា និងអេហ្ស៊ីប ដែលបានដើរតួជាអ្នកសម្រុះសម្រួល ក្នុងការចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបង្ហាញកាលពីថ្ងៃពុធថា ការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh បង្កផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានបទឈប់បាញ់នៅហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
«ការធ្វើឃាតខាងនយោបាយ និងការបន្តកំណត់គោលដៅលើជនស៊ីវិលនៅហ្គាហ្សា ខណៈការចរចាបន្តជំរុញឱ្យយើងសួរថា តើការសម្រុះសម្រួលអាចសម្រេចបានដោយរបៀបណា ពេលភាគីមួយធ្វើឃាតអ្នកចរចាពីភាគីម្ខាងទៀត?» នាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani បានសរសេរនៅលើ X។
Sheikh Mohammed ដែលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសផងដែរនោះ ក្រោយមកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមទូរសព្ទ ហើយពួកគេបានពិភាក្សាគ្នា អំពីការបន្តធ្វើការឆ្ពោះទៅរកបទឈប់បាញ់។
ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គោលនយោបាយគ្រោះថ្នាក់នៃការកើនឡើង» របស់អ៊ីស្រាអែលក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍បានបន្ថែមថា «ការកើនឡើងក្នុងតំបន់នេះ ស្របពេលជាមួយនឹងការខ្វះការជឿនលឿនក្នុងការចរចាបទឈប់បាញ់នៅហ្គាហ្សា ដែលបង្កើនភាពស្មុគស្មាញនៃស្ថានភាព និងបង្ហាញពីអវត្តមាននៃឆន្ទៈនយោបាយរបស់អ៊ីស្រាអែល ក្នុងការធ្វើឱ្យវាស្ងប់ស្ងាត់»។
គួរបញ្ជាក់ថា កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកបានព្យាយាមម្តងហើយម្តងទៀត ដើម្បីឈានដល់បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីនហាម៉ាស់ នៅតំបន់ហ្គាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៩,០០០ នាក់ ចាប់តាំងពីចលនាតស៊ូហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីខែតុលា ដោយបានសម្លាប់មនុស្ស ១,២០០នាក់ និងចំណាប់ជាខ្មាំងជិត ២៥០នាក់៕