(ហ្សាការតា)៖ ឥណ្ឌូណេស៊ី និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានចាប់ផ្តើមកិច្ចចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌូណេស៊ី-GCC ឬហៅកាត់ថា I-GCC FTA នៅក្រសួងពាណិជ្ជកម្មក្នុងទីក្រុង Jakarta នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះត្រូវបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ រវាងរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Zulkifli Hasan និងអគ្គលេខាធិការ GCC លោក Jasem Mohamed Albudaiwi។
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីបានថ្លែងថា «តាមរយៈ I-GCC FTA ឥណ្ឌូណេស៊ីមានគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីបើកឱកាសវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
លោកបានបន្ថែមថា FTA នេះត្រូវបានគេរំពឹងថានឹងជំរុញការនាំចេញទំនិញរបស់ឥណ្ឌូណេស៊ី ដូចជាយានយន្ត ប្រេងដូង គ្រឿងអលង្ការ កាហ្វេ វាយនភ័ណ្ឌ និងគ្រឿងអេឡិចត្រូនិចជាដើម។
លោក Jasem បានបញ្ជាក់ពីអត្ថប្រយោជន៍ដ៏សំខាន់នៃ I-GCC FTA សម្រាប់ទាំងឥណ្ឌូណេស៊ី និងបណ្តាប្រទេសឈូងសមុទ្រ ដោយគ្របដណ្តប់មិនត្រឹមតែពាណិជ្ជកម្មទំនិញប៉ុណ្ណោះទេ ថែមទាំងសេវាកម្ម គយ រនាំងពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យមផងដែរ។
លោកបានថ្លែងថា «យើងចង់ឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមិនត្រឹមតែបង្កើនតួលេខពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងវិស័យផ្សេងទៀតផងដែរ។ យើងក៏មានគោលបំណងបើកឱកាសសម្រាប់កិច្ចសហការនៅក្នុងវិស័យថ្មីៗ ជាពិសេសសេដ្ឋកិច្ចអ៊ីស្លាមផងដែរ»។
គួរបញ្ជាក់ថា GCC គឺជាក្រុមសហប្រតិបត្តិការនៃប្រទេសចំនួនប្រាំមួយ៖ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គូវ៉ែត បារ៉ែន អូម៉ង់ និងកាតា។ កាលពីឆ្នាំមុន ប្រតិបត្តិការពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និង GCC មានចំនួន ១៥.៧ពាន់លានដុល្លារអាមេរិក ដោយមាន ៦.២ពាន់លានដុល្លារត្រូវបានកត់ត្រា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ៕