(គែរ)៖ ក្រុមហាម៉ាស នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះបានឱ្យដឹងថាមេដឹកនាំរបស់ខ្លួន គឺលោក Ismail Haniyeh ត្រូវបានសម្លាប់ នៅក្នុងនិវេសនដ្ឋានរបស់លោក ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាសបានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh និងបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh។ ហាម៉ាសមិនបានបញ្ជាក់ថាតើមេដឹកនាំផ្នែកនយោបាយរូបនេះត្រូវបានសម្លាប់ដោយវិធីណា ឬក៏កាលបរិច្ឆេទលម្អិតនោះទេ។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ថាលោក Haniyeh ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយដែលទំនងជាមីស៊ីលបាញ់ពីលើអាកាស។
បើតាមក្រុមហាម៉ាស លោក Haniyeh បានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian។ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ ក្នុងនាមជាមេដឹកនាំនយោបាយមួយរូបរបស់ហាម៉ាស លោក Haniyeh គឺជាមនុស្សម្នាក់ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការការទូត រួមទាំងកិច្ចចរចាស្វែងរកបទឈប់បាញ់នៃសង្រ្គាមហ្កាហ្សាជាមួយអ៉ីស្រាអែល។ ជុំវិញការស្លាប់របស់លោក Haniyeh ដែរ ខាងសេតវិមានថាបានទទួលដំណឹងហើយ ខណៈថ្លែងចេញពីប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាលោកមិនគិតនោះទេថាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា មិនអាចបញ្ចៀសបាន ប៉ុន្តែប្រសិនបើអ៉ីស្រាអែលរងការវាយប្រហារ នោះសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ការពារអ៉ីស្រាអែល។
* តើលោក Haniyeh ជានរណា?
លោក Ismail Haniyeh កើតនៅឆ្នាំ១៩៦២ នៅឯជំរំជនភៀសខ្លួន Shati ស្ថិតនៅភាគខាងជើងនៃទីក្រុងហ្កាហ្សា។ លោក និងគ្រួសារត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងរបស់ខ្លួន នៅឆ្នាំ១៩៤៨ ក្នុងទីក្រុងមួយដែលសព្វថ្ងៃជាទីក្រុង Ashkelon របស់អ៉ីស្រាអែល។ លោកបានសិក្សារៀនសូត្រនៅសាលារៀនគ្រប់គ្រងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ ប្រជាជនប៉ាឡេស្ទីន ឬហៅកាត់ថា UNRWA មុននឹងបញ្ចប់ការសិក្សាផ្នែកអក្សរសាស្ត្រអារ៉ាប់នៅសាកលវិទ្យាល័យ Islamic University of Gaza។ លោក Haniyeh បានឡើងតំណែងជា បន្តបន្ទាប់ នៅក្រោមការត្រួសត្រាយផ្លូវពីគ្រូរបស់លោក គឺលោក Ahmed Yassin ដែលជាមេដឹកនាំ និងជាស្ថាបនិករបស់ក្រុមហាម៉ាស។ លោក Haniyeh និងលោក Yassin បានក្លាយជាគោលដៅប៉ុនប៉ងធ្វើឃាតរបស់អ៉ីស្រាអែលក្នុងឆ្នាំ២០០៣ ហើយមួយក្រោយមក ទើបលោក Yassin ត្រូវបានយោធាអ៉ីស្រាអែលសម្លាប់។
លោក Haniyeh ត្រូវបានតែងតាំងជាមេដឹកនាំក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា នៅឆ្នាំ២០០៦។ ក្នុងឆ្នាំនោះដែរ លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាឡេស្ទីននៃរដ្ឋាភិបាលរួបរួមជាតិ បានមួយរយៈពេលខ្លី។ រដ្ឋាភិបាលរួបរួមនេះត្រូវបានរំលាយចោល ក្រោយមានភាពតានតឹងជាច្រើនខែរវាងក្រុមចលនាប៉ាឡេស្ទីន។ នៅឆ្នាំ២០១៧ លោកបានក្លាយជាមេដឹកនាំការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស។ លោក Haniyeh ធ្លាប់ត្រូវបានយោធាអ៉ីស្រាអែលចាប់ខ្លួន និងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែលអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។ លោកបានដឹកនាំ កិច្ចការរបស់ក្រុមហាម៉ាស ចេញពីប្រទេសកាតា និងតួកគីជាទីដែលលោករស់នៅនិរទេសខ្លួន។ កូនប្រុស៣នាក់របស់លោក Haniyeh ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ អ៉ីស្រាអែលលើតំបន់ហ្កាហ្សាកាលពីខែមេសា ហើយនៅខែមិថុនា ប្អូនស្រីម្នាក់ទៀតរបស់លោកក៏បានស្លាប់ផងដែរ។
* តើការស្លាប់របស់លោក Haniyeh មានន័យយ៉ាងណាចំពោះក្រុមហាម៉ាស និងសង្រ្គាមហ្កាហ្សា?
លោក Ibrahim Madhoum ជាអ្នកវិភាគម្នាក់មានទំនាក់ទំនងជិតស្និទ្ធនឹងហាម៉ាស បាននិយាយថាការធ្វើឃាតលោក Haniyeh គឺជាការបាត់បង់ដ៏ធំធេងមួយរបស់ក្រុមហាម៉ាស ប៉ុន្តែ វាមិនមែនជាទីបញ្ចប់របស់ហាម៉ាសនោះទេ។ តាមអ្នកវិភាគរូបនេះ ហាម៉ាសធ្លាប់បានភ្លក់រសជាតិដែលមេដឹកនាំរបស់ខ្លួនត្រូវបានសម្លាប់ជាច្រើនលើកមកហើយ ក្នុងនោះរួមមានទាំងលោក Ahmed Yassin និងលោក Abdel Aziz Rantisi ដែលសុទ្ធសឹងជាសហស្ថាបនិករបស់ហាម៉ាស ត្រូវបានអ៉ីស្រាអែលសម្លាប់។ លោក Madhoum បន្ថែមទៀតថាការសម្លាប់លោក Haniyeh ក៏បានបញ្ជាក់ដែរថា វាមិនមានឡើយ «បន្ទាត់ក្រហម» នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។
ដោយឡែក លោក Abas Aslani ជាអ្នកវិភាគម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រតំបន់មជ្ឈិមបូព៌ា (Center for Middle East Strategic Studies) ក្នុងទីក្រុង តេហេរ៉ង់ យល់ថាការធ្វើឃាតលោក Haniyeh អាចនឹងធ្វើឱ្យជម្លោះកាន់តែក្ដៅគគុកឡើង។ ដ្បិតការធ្វើឃាតលោក Haniyeh ធ្វើឡើងនៅលើទឹកដីអ៉ីរ៉ង់ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ ប្រធានាធិបតីអ៉ីរ៉ង់ថ្មី លោក Masoud Pezeshkian ស្បថចូលកាន់តំណែងជាផ្លូវការ។ នេះជារឿងដ៏អាម៉ាស់មួយដែលអាចនឹងបង្ខំឱ្យអ៉ីរ៉ង់ត្រូវតែចាត់វិធានការឆ្លើយតប។ លើសពីនេះទៅទៀត ការស្លាប់របស់លោក Haniyeh ទៀតសោត កើតមានឡើងចំពេលដែលតំបន់ទាំងមូលកំពុងប្រឈមមុខរួចទៅហើយ នឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ បន្ទាប់ពីអ៉ីស្រាអែលបានអះអាងថា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៣០ ខែកក្កដា។ ពោលគឺ ត្រឹមពេលតែប៉ុន្មានថ្ងៃ មន្ត្រីជាន់ខ្ពស់២រូបរបស់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងបក្សសម្ព័ន្ធ Axis of Resistance ត្រូវបានសម្លាប់។ នៅត្រង់នេះការចំណាត់ការឆ្លើយតប របស់អ៉ីរ៉ង់ ហេសបូឡា ហាម៉ាស រួមទាំងក្រុម Proxy ផ្សេងទៀតរបស់អ៉ីរ៉ង់ អាចនឹងកំណត់ពីទិសដៅនៃសង្រ្គាម ថាតើសង្រ្គាមទ្រង់ទ្រាយធំ ឬសង្រ្គាមច្រើនសមរភូមិអាចនឹងផ្ទុះឡើងក្នុងតំបន់ មជ្ឈិមបូព៌ាដែរ ឬក៏អត់?
បើតាមលោក Abas Aslani ការស្លាប់របស់លោក Haniyeh អាចនិយាយបានថាបទឈបបាញ់សម្រាប់សង្រ្គាមហ្កាហ្សា មិនអាចធ្វើទៅរួចឡើយក្នុងពេលបច្ចុប្បន្ន ពីព្រោះស្ថានការណ៍សព្វថ្ងៃ អាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ លោកបន្តថានាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីពន្យារអាយុជីវិត នយោបាយរបស់លោក តាមរយៈការបន្តធ្វើសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ដែលនេះក៏អាចនឹងបង្កផលប៉ះពាល់ដល់សហរដ្ឋអាមេរិកដែរ។ លោកផ្ទាល់គិតថាលោក ណេតាន់យ៉ាហ៊ូ ចង់មាន ឥទ្ធិពលលើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក នោះគឺលោកចង់បំផ្លាញកិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់របស់រដ្ឋបាល លោក ចូ បៃដិន និងគណបក្សប្រជាធិបតេយ្យ ដើម្បីផ្ដល់ឱកាសបន្ថែមឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មី។
ចំណែក លោក Barak Ravid ជាអ្នកវិភាគខាងនយោបាយ និងគោលនយោបាយការបទេសឱ្យទូរទស្សន៍ CNN បាននិយាយថារដ្ឋាភិបាលអ៉ីស្រាអែលចាត់ទុកលោក Haniyeh ជាមនុស្សម្នាក់ ក្នុងចំណោមអ្នកដែលត្រូវទទួលខុសត្រូវចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីខែតុលា ឆ្នាំមុន ហើយខណៈរូបលោកមិនមែនជាបុគ្គលសំខាន់ ក្នុងជួរយោធាក៏ពិតមែន តែការស្លាប់របស់លោកនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើកិច្ចចរចាបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ «ការធ្វើឃាតនេះគឺជារឿងមុន និងក្រោយតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Barak Ravid។
គួរបញ្ជាក់ថា អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេជុំវិញការស្លាប់របស់លោក Haniyeh។ តែជារឿយៗអ៉ីស្រាអែលមិនដែលបានទទួលស្គាល់ ឬក៏បដិសេធនឹងចោទប្រកាន់ជុំវិញការប៉ុនប៉ង ឬធ្វើឃាតសត្រូវរបស់ខ្លួននៅលើទឹកដីបរទេសនោះទេ។ ម្យ៉ាង ក្រុមមន្ត្រីអ៉ីស្រាអែល ក៏ធ្លាប់បានគំរាមដែរថាអ៉ីស្រាអែលនឹងតាមសម្លាប់មេដឹកនាំហាម៉ាស ក្នុងនោះមានទាំងលោក Haniyeh ជាការសងសឹងទៅនឹងការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕