(ណៃពិដោ)៖ នៅថ្ងៃពុធនេះ រដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា បានសម្រេចបន្តដាក់ប្រទេសឱ្យស្ថិតក្រោមគ្រាអាសន្ន រយៈពេល៦ខែបន្ថែមទៀត ខណៈប្រការនេះពន្យារពេលសាជាថ្មី នូវគម្រោងរៀបចំការបោះឆ្នោត ដែលរបបសឹកបានសន្យាជាច្រើនលើកថា នឹងប្រារព្ធឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV បានរាយការណ៍ថា ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិមីយ៉ាន់ម៉ា ដែលមានសមាជិកសុទ្ធតែជាយោធា បានឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីអូសបន្លាយរយៈពេល ដាក់ប្រទេសក្នុងគ្រាអាសន្ន សម្រាប់៦ខែបន្ថែមទៀត។ យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីគណបក្ស NLD របស់លោកស្រី អោងសាន ស៊ូជី បានបន្តទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។
ចាប់តាំងពីពេលនោះ របបយោធាមីយ៉ាន់ម៉ា បានអូសបន្លាយការដាក់ប្រកាសក្នុងគ្រាអាសន្នជាប់រហូតមក ខណៈខ្លួនជួបការលំបាក ក្នុងការបង្រ្កាបចលនាបះបោរប្រដាប់អាវុធ ដែលប្រឆាំងនឹងរដ្ឋប្រហារ បន្ទាប់ពីបានសន្យាម្តងហើយម្តងទៀតថា នឹងរៀបចំឱ្យការបោះឆ្នោតសកលថ្មីមួយ ដែលមានយុត្តិធម៌និងមានតម្លាភាព។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ នៃប្រទេសមីយ៉ាន់ម៉ា ដែលព្រាងឡើងដោយយោធា និងដែលរបបសឹកផ្ទាល់អះអាងថា នៅតែបន្តមានសុពលភាពនោះ តម្រូវឱ្យអាជ្ញាធរត្រូវរៀបចំ ការបោះឆ្នោតថ្មីមួយ ក្នុងរយៈពេល៦ខែ បន្ទាប់ពីការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានដកចេញ៕