(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន Xinhua បានរាយការណ៍នៅថ្ងៃពុធនេះថា លោក Xi Jinping ប្រធានាធិបតីចិន បានអំពាវឱ្យមានការកសាងព្រំដែនគោក សមុទ្រ និងការពារដែនអាកាសយ៉ាងរឹងមាំ ដើម្បីការពារអធិបតេយ្យភាពទឹកដី និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
Xinhua បានដកស្រង់សម្តីរបស់ លោក Xi ដែលថ្លែងកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅឯកិច្ចប្រជុំនៃការិយាល័យនយោបាយ របស់បក្សកុម្មុយនិស្តចិនថា ការការពារព្រំដែនគោក សមុទ្រ និងផ្លូវអាកាស គឺជានិមិត្តសញ្ញាដ៏សំខាន់នៃអធិបតេយ្យភាពរបស់ចិន ហើយជាការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ លោក Xi បានគូសបញ្ជាក់ថា «យើងត្រូវតែសម្របសម្រួល លើការលើកកម្ពស់កិច្ចការពារព្រំដែនគោក សមុទ្រ និងអាកាស ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃតំបន់ព្រំដែន និងឆ្នេរសមុទ្រ»។ លោកបានបន្ថែមថា ចិនក៏ត្រូវតែផ្តល់សិទ្ធិអំណាចបន្ថែមលើផ្នែកបច្ចេកវិទ្យា ហើយត្រូវតែកសាងមធ្យោបាយ និងលក្ខខណ្ឌថ្មី ព្រោះវានឹងជួយពង្រឹងការការពារព្រំដែន សមុទ្រ និងអាកាស។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានបង្កើនកញ្ចប់ថវិកាការពារជាតិ ឆ្នាំ២០២៤ ឱ្យដល់ ៧.២ភាគរយ ស្របតាមអត្រា នៃថវិកាកាលពីឆ្នាំមុន។ ភាពតានតឹងបានកើនឡើងក្នុងរយៈពេលថ្មីៗនេះ ជុំវិញបញ្ហាកោះតៃវ៉ាន់ ក៏ដូចជានៅអាស៉ីខាងកើត ជាពិសេសនៅសមុទ្រចិនខាងត្បូងតែម្តង៕