(ប៉េកាំង)៖ ប៉ុន្មានឆ្នាំមុន ឪពុករបស់នាងឈ្មោះ Cuomu ដែលជានិស្សិតជនជាតិ Zang បានបើកកសិដ្ឋានលក្ខណៈគ្រួសារ ដែលជាគំរូខាងបច្ចេកវិទ្យានៅក្នុងភូមិ Xueka ទីក្រុង Linzhi ភូមិភាគស្វយ័ត Xizang។ បន្ទាប់ពីបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យដ៏ល្បីឈ្មោះនៅទីក្រុងប៉េកាំង កាលពីឆ្នាំ ២០១៨ហើយ នាង Cuomu បានត្រឡប់ទៅកសិដ្ឋាន របស់ឪពុកនាងវិញ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ បច្ចុប្បន្ននេះ នាងកំពុងប្រកបអាជីវកម្មខាងការគ្រប់គ្រង និងលក់ដូរតាមប្រព័ន្ធធុរកិច្ចអេឡិចត្រូនិកនៅទីនេះ ដែលមិនត្រឹមតែបានបំពេញបន្ថែម នូវកម្លាំងរស់រវើកថ្មីសម្រាប់ កសិដ្ឋានប៉ុណ្ណោះទេ ថែមទាំងក៏បានជួយឪពុកនាងឱ្យដឹកនាំប្រជាជន ក្នុងតំបន់ក្នុងការសម្រេចបាននូវការបម្រះខ្លួនចេញផុតពី ភាពក្រីក្រនិងមានជីវភាពរស់នៅកាន់តែធូរធារ។

បទពិសោធជីវិតរបស់នាង Cuomu គឺជាការឆ្លុះបញ្ចាំងដ៏រស់រវើក នៃការប្រែប្រួលនៃជីវភាពរស់នៅ របស់យុវជន Xizang ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តើអ្វីបានទាក់ទាញពួកគេឱ្យនាំគ្នា បង្កើតអាជីពនៅតំបន់ Xizang ? មុនដំបូង មូលហេតុផ្ទាល់គឺដោយមកពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ សម្រេចបាននូវការវិវឌ្ឍរីកចម្រើនបែបលោតផ្លោះ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលមជ្ឈិមចិន តំបន់ Xizang បានអភិវឌ្ឍជាបន្តបន្ទាប់ នូវប្រព័ន្ធឧស្សាហកម្មទេសចរណ៍វប្បធម៌ ប្រកបដោយលក្ខណៈពិសេសដែលងើបឡើងថ្មី សួនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកសិកម្ម ដែលទទួលបានផលកម្រៃខ្ពស់ និងមូលដ្ឋានផលិតកម្មឧស្សាហកម្ម ដែលមានតម្លៃផលិតកម្មខ្ពស់ជាដើម។

កាលពីចុងឆ្នាំ ២០១៩ តំបន់ Xizang បានលុបបំបាត់ភាពក្រីក្រទាំងស្រុងជាប្រវត្តិសាស្ត្រ ហើយបានកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ជាមួយទូទាំងប្រទេសចិនកាលពីឆ្នាំ ២០២១។ នៅក្នុងឆមាសទីមួយ នៃឆ្នាំនេះ GDP របស់ភូមិភាគស្វយ័ត Xizang គឺ ១១៨,៩៤៥ លានយាន់ប្រាក់ចិនដែលកើនឡើង ៦,១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ល្បឿនកំណើនបានជាប់ ចំណាត់ថ្នាក់លេខ ២ នៅទូទាំងប្រទេស ។ល។ ទិន្នន័យមួយចំនួនទាំងនេះ បានធ្វើជាសាក្សីនៃការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ និងបម្រែបម្រួលជាប្រវត្តិសាស្ត្រ ដែលគួរឱ្យកត់សម្គាល់របស់តំបន់ Xizang ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញឱ្យយុវជនកាន់តែច្រើនឡើងៗ បង្កើតអាជីពនៅទីនេះ។

ព្រមពេលជាមួយគ្នានេះ ការគាំទ្រខាងគោលនយោបាយរបស់រដ្ឋបាល Xizang ក៏មានភាពខ្លាំងក្លាផងដែរ ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា រដ្ឋបាលក្នុងតំបន់បានបង្កើតមូលនិធិគាំទ្រ ការបង្កើតអាជីពនិងឱកាសការងារ ហើយបានលើកទឹកចិត្តឱ្យតំបន់នានារៀបចំ ការប្រកួតខាងការច្នៃប្រឌិតថ្មីនិងបង្កើតអាជីព របស់យុវជននិងបង្កើត មជ្ឈមណ្ឌលសេវាកម្មនវានុវត្តន៍ និងបង្កើតអាជីពជាដើម។ ដើម្បីគាំទ្រថែមមួយកម្រិតទៀត ដល់ការច្នៃប្រឌិតថ្មីនិងបង្កើតអាជីព របស់យុវជន Xizang រដ្ឋបាលក្នុងតំបន់ក៏បានដាក់ចេញនូវ «ផែនការអភិវឌ្ឍន៍សម្រាប់យុវជនរយៈពេលមធ្យម និងវែងនៃភូមិភាគស្វយ័ត Xizang (២០១៨-២០២៥)»។ គោលនយោបាយទាំងនេះ បានបង្កើនទីបង្អែកនិងជំនឿចិត្ត របស់យុវវ័យ Xizang ក្នុងការបង្កើតអាជីព។

លើសពីនេះទៅទៀត ការអភិរក្សវប្បធម៌របស់តំបន់ Xizang ក៏បានធ្វើឱ្យយុវជនបង្កើតអាជីពជាច្រើន រកបានទីពំនាក់ខាងស្មារតីចិត្តញាណផងដែរ។ យុវជនជនជាតិ Zang ឈ្មោះ Yundan ជាអ្នកបង្កើតអាជីពម្នាក់មកពីតំបន់ Gannan ខេត្ត Gansu គាត់មានអ្នកគាំទ្រចំនួន ៤៦០,០០០ នាក់នៅលើវេទិកាប្រព័ន្ធសារព័ត៌មានជាលក្ខណៈបុគ្គល។ គាត់បាននិយាយថា ទេសភាពដ៏ស្រស់ស្អាតនិងវប្បធម៌ពិសេសរបស់តំបន់ Xizang បានធ្វើឱ្យខ្លួនមាន ចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងអំឡុងពេល ១៣ ឆ្នាំដែលគាត់បានរស់នៅទីក្រុង Lhasa វីដេអូខ្នាតខ្លីអំពីទេសភាព ដ៏ស្រស់ស្អាត វប្បធម៌មនុស្សជាតិ តន្ត្រីនិងវប្បធម៌ដែលបង្ហាញដោយ យុវជន Yudan ទទួលបានការពេញនិយមពី សំណាក់អ្នកលេងអ៊ីនធឺណែត។ ឆ្លងតាមរយៈវិធីបែបនេះបានធ្វើឱ្យ ពិភពលោកអាចមើលឃើញតំបន់ Xizang ដ៏ពិតប្រាកដ។

នៅប្រទេសចិនមានសុភាសិតមួយឃ្លាដែលថា "ឮមួយរយដងមិនស្មើនឹងជួបម្តង"។ រឿងរ៉ាវរបស់យុវជន Xizang បានបង្ហាញឱ្យឃើញថា ជីវភាពរស់នៅដ៏មានសុភមង្គលរបស់ប្រជាជន ទើបជាសិទ្ធិមនុស្សដ៏អស្ចារ្យបំផុត ហើយតំបន់ Xizang គឺជាគោលដៅពេញនិយមសម្រាប់ការច្នៃប្រឌិតថ្មី និងបង្កើតអាជីព។ ស្របពេលដែលប្រទេសចិនធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ កម្លាំងផលិតកម្មគុណភាពថ្មី នឹងបញ្ចេញកម្លាំងចលករកាន់តែផុលផុស ហើយវាក៏បានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃតំបន់ Xizang ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន