(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃពុធនេះ បានប្តេជ្ញាថា នឹងធ្វើឱ្យអ៉ីស្រាអែលស្តាយក្រោយ ចំពោះសកម្មភាពវាយប្រហារធ្វើឃាត លើមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន គឺលោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤។
លោក Pezeshkian បាននិយាយថា អ៉ីរ៉ង់នឹងការពារបូរណភាពទឹកដី កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូររបស់ខ្លួន ហើយធ្វើឱ្យអ៉ីស្រាអែល ស្តាយក្រោយចំពោះសកម្មភាពដ៏កំសាករបស់ពួកគេ។ ចំណែកឯ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានប្តេជ្ញាដាក់ទោសឱ្យធ្ងន់លើអ៉ីស្រាអែលផងដែរ សម្រាប់ការធ្វើឃាតលោក Haniyeh ព្រោះវាគឺជាភារកិច្ចរបស់អ៉ីរ៉ង់ ដើម្បីសងសឹកគំនុំឈាមនេះ ដ្បិតលោក Haniyeh ត្រូវគេសម្លាប់នៅលើទឹកដីអ៉ីរ៉ង់។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ លោក Ismail Haniyeh បានស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស នៅទីក្រុងតេហេរ៉ង់ បន្ទាប់ពីរូបលោកបានមកចូលរួម ពិធីស្បថចូលកាន់អំណាចរបស់លោក Pezeshkian កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕