(កៀវ)៖ ប្រធានរដ្ឋបាលយោធាក្រុងកៀវ បានឱ្យដឹងនៅថ្ងៃពុធនេះថា រុស្ស៉ីបានបើកការវាយប្រហារជាច្រើនលើក ដោយប្រើយន្តហោះដ្រូនរាប់សិបគ្រឿងមកលើអ៊ុយក្រែន ធ្វើឱ្យរដ្ឋធានីកៀវស្ថិតក្រោមការប្រកាសអាសន្នពីការវាយប្រហារផ្លូវអាកាស ស្ទើរពេញមួយយប់ឈានចូលថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
លោក Serhiy Popko បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានបំផ្លាញដ្រូនជាង ៣០គ្រឿងកាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ដែលជាការវាយប្រហារលើកទី ៧របស់រុស្ស៉ី នៅក្នុងខែកក្កដានេះ។ វាក៏ជាការវាយប្រហារដ៏ធំមួយមកលើអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះដ្រូន គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ ទីក្រុងកៀវ និងភាគច្រើននៃតំបន់ភាគកណ្តាល ក៏ដូចជាភាគខាងកើតអ៊ុយក្រែន ស្ថិតនៅក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស ចាប់ពីយប់ថ្ងៃអង្គារមក។ តាមសាក្សីរបស់ Reuters មានសំលេងផ្ទុះជាច្រើនដងនៅពេលយប់ ដូចជាប្រព័ន្ធការពារស្ទាក់ចាប់ការវាយលុកតាមអាកាស។
គួរបញ្ជាក់ថា ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬអ្នករងគ្រោះនៅឡើយទេ។ ដោយឡែក ទំហំនៃការវាយប្រហារក៏នៅមិនទាន់ច្បាស់លាស់ដែរ ខណៈមិនមានការអត្ថាធិប្បាយពីរុស្ស៉ីនៅឡើយ៕