(ប៉េកាំង)៖ ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិកា ដែលបានឈានដល់គំនិតឯកភាពរួម ស្តីពីកិច្ចសហប្រតិបតិ្តការលើវិស័យការផ្សាយព័ត៌មានវប្បធម៌ និងទេសចរណ៍ ការផ្សព្វផ្សាយម៉ាកផលិតផលទេសចរណ៍ និងរៀបចំធ្វើសកម្មភាពប្រព័ន្ធសារព័ត៌មានជាដើម។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Urosevic ប្រធានប្រតិបតិ្តអង្គការទេសចរណ៍ នៃអង្គការសហប្រជាជាតិបានរួមគ្នាធ្វើជា សហអធិបតីក្នុងពិធីចុះហត្ថលេខាលើកនេះ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ បានពិនិត្យពិភាក្សានិងអនុម័តលើ សេចក្តីសម្រេចចិត្ត ស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងនោះមានខ្លឹមសារជាច្រើនបានពាក់ព័ន្ធ ដល់វប្បធម៌និងទេសចរណ៍ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយចាត់ទុកការចុះហត្ថលេខាលើកនេះជាឱកាស ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តយ៉ាងជិតស្និទ្ធ រវាងភាគីទាំងពីរលើវិស័យការរួមគ្នា គ្រោងនិងផលិតកម្មវិធីជាដើម ហើយនឹងក្លាយជាដៃគូគួរឱ្យជឿទុកចិត្តបាន របស់អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ ដើម្បីជួយប្រទេសនានា ធ្វើការផ្លាស់ប្តូរលើវិស័យទេសចរណ៍។

លោកស្រី Urosevic បានថ្លែងថា ការងើបឡើងវិញនូវមុខរបរទេសចរណ៍ពិភពលោកទាំងមូល ត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគំនិតថ្មី ។ ប្រទេសចិនជារដ្ឋសមាជិកដ៏សំខាន់របស់ អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ រំពឹងទុកនៅពេលអនាគត ធ្វើកិច្ចសហប្រតិបតិ្តការស៊ីជម្រៅ ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លើច្រើនវិស័យ ក្នុងន័យរួមគ្នាបង្កើតមុខរបរទេសចរណ៍បែបថ្មី ក៏ដូចជាជំរុញឱ្យមុខរបរទេសចរណ៍ មាននិរន្តរភាព ភាពចុះសម្រុងគ្នានិងភាពធន់ ថែមមួយកម្រិតទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន