(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃពុធនេះថា លោកមិនគិតថា សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាគ្មានផ្លូវចៀសវាងនោះទេ ហើយសហរដ្ឋអាមេរិក កំពុងស្វែងរកវិធីសាស្រ្តបន្ធូរបន្ថយភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
លោក Austin បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងដំណើរទស្សនកិច្ច នៅហ្វីលីពីន យ៉ាងដូច្នេះថា «ខ្ញុំមិនគិតថា សង្រ្គាមគ្មានផ្លូវចៀសវាងនោះទេ។ ខ្ញុំគិតថាវានៅតែមានផ្លូវ និងឱកាសសម្រាប់មធ្យោបាយការទូត»។ នៅពេលត្រូវបានសុំឱ្យ បញ្ជាក់ពីការវាយប្រហាររបស់អ៉ីស្រាអែល សម្លាប់មេដឹនាំរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅថ្ងៃនេះ លោក Austin ឆ្លើយថា «ខ្ញុំគ្មានព័ត៌មានអ្វីត្រូវផ្តល់ឱ្យបន្ថែមទេ»។ ដោយឡែក ឆ្លើយតបនឹងសំណួរថា តើតើសហរដ្ឋអាមេរិកនឹងធ្វើអ្វីខ្លះ ប្រសិនបើជម្លោះរាលដាលផ្ទុះឡើងនៅមជ្ឈិមបូព៌ា លោក Austin និយាយថា ទីក្រុងវ៉ាស៉ីនតោន នឹងបន្តជួយការពារអ៉ីស្រាអែល ករណីរងការវាយប្រហារណាមួយ ប៉ុន្តែចំណុចអាទិភាពនោះ គឺការបន្ធូរបន្ថយភាពតានតឹង។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់ លោក Austin ធ្វើឡើងបន្ទាប់អ៉ីស្រាអែលអះអាងពីសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម Hezbollah ដែលជាអ្នកពីក្រោយការវាយប្រហារដ៏សាហាវនៅក្នុងតំបន់ Golan Heights របស់អ៉ីស្រាអែល៕