(ឡុងដ៏)៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅលីបង់ ចាកចេញពីប្រទេសនេះ ដោយព្រមានថាភាពតានតឹងកាន់តែខ្លាំង នៅតាមព្រំដែនជាមួយអ៉ីស្រាអែល អាចនឹងកើតឡើងភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់សភា យ៉ាងដូច្នេះថា «មានការបាញ់ផ្លោងដាក់គ្នាជាញឹកញាប់ និងការវាយប្រហារតាមអាកាស។ ភាពតានតឹងស្ថិតក្នុងកម្រិតខ្ពស់ ហើយស្ថានភាពអាចនឹងប្រែទៅជាគ្រោះថ្នាក់ភ្លាមៗ»។ លោកបានបន្ថែមថា «ខ្ញុំកំពុងធ្វើការជាមួយក្រុមការងារនៃស្ថានកុងស៊ុលនៅបរទេស ដើម្បីធានាថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ ប៉ុន្តែបើជម្លោះនោះកាន់តែឡើងកម្តៅ រដ្ឋាភិបាលមិនអាចធានាថានឹងមានលទ្ធភាពជម្លៀសអ្នកគ្រប់គ្នាបានភ្លាមៗទេ ដូច្នេះប្រជាជនទាំងអស់អាចត្រូវបង្ខំឱ្យគេចទៅជម្រកបណ្តោះអាសន្ន»។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer ក៏បានកោះប្រជុំគណៈកម្មាធិការឆ្លើយតបបន្ទាន់របស់រដ្ឋាភិបាល ដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ ហើយនៅក្នុងកិច្ចប្រជុំនោះ លោក Lammy បានលើកសំណើថា «សាររបស់ខ្ញុំទៅកាន់ពលរដ្ឋអង់គ្លេសនៅលីបង់ គឺសុំឱ្យពួកគាត់ចាកចេញពីទីនោះ»៕