(ញូវដេលី)៖ ការអិលបាក់ដីពាសពេញតំបន់ចម្ការតែ និងភូមិនានានៅឯភាគខាងត្បូងរដ្ឋ Kerala ប្រទេសឥណ្ឌា បានឆក់យកអាយុជីវិតមនុស្សកើនឡើងដល់ ១៥១នាក់ហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈភ្លៀងធ្លាក់ខ្លាំងភ្លាមៗធ្វើឱ្យបាក់ដីជម្រាលភ្នំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ ២០២៤។
ដីតាមជម្រាលភ្នំបានបាក់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃចន្ទ នៅឯស្រុក Wayanad នៃរដ្ឋ Kerala ដែលគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ឥណ្ឌា។ ភាគច្រើននៃជនរងគ្រោះគឺជាកម្មករចម្ការតែ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេដែលរស់នៅតាមផ្ទះតូចៗ ឬជម្រកបណ្តោះអាសន្ន។ អភិបាលរដ្ឋ Kerala លោក Pinarayi Vijayan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សជាង ៣,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ ហើយស្នាក់នៅក្នុងជំរំសង្គ្រោះ ៤៥កន្លែង។ បុគ្គលិករាប់រយនាក់ រួមទាំងទាហាន និងកងទ័ពកំពុងប្រើប្រាស់យន្តហោះដ្រូន រួមទាំងសត្វសុនខ ដើម្បីស្វែងរកអ្នកនៅមានជីវិត។ អ្នកនាំពាក្យរបស់រដ្ឋ បានប្រាប់ Reuters ថា មនុស្សចំនួន ១៨៧នាក់កំពុងបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា ការរអិលបាក់ដីកាលពីថ្ងៃអង្គារ គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅក្នុងរដ្ឋ Kerala គិតចាប់តាំងពីឆ្នាំ ២០១៨មក ដោយនៅពេលនោះទឹកជំនន់បានសម្លាប់មនុស្សប្រហែល ៤០០នាក់៕