(គែរ)៖ ក្រុមហាម៉ាស នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះបានឱ្យដឹងថាមេដឹកនាំរបស់ខ្លួន គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាសបានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលត្រូវបានសម្លាប់ដោយការវាយឆ្មក់របស់ ពួក Zionist (អ៉ីស្រាអែល) លើគេហដ្ឋានរបស់លោកក្នុងទីក្រុងតេហេរ៉ង់។
សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាលោក Haniyeh បានសម្លាប់នៅក្នុងការវាយប្រហារមួយរបស់ពួក Zionist លើទីស្នាក់ការរបស់លោកក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian។
ព្រមពេលជាមួយគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានទទួលស្គាល់នៅថ្ងៃពុធនេះដែរថាមេដឹកនាំក្រុមហាម៉ាសរូបនេះត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយ អង្គរក្សម្នាក់របស់លោក។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «គេហដ្ឋានរបស់របស់លោក Ismail Haniyeh ប្រមុខការិយាល័យនយោបាយរបស់ ចលនាតស៊ូអ៉ីស្លាមហាម៉ាសរងការវាយប្រហារក្នុងទីក្រុងតេហេរ៉ង់ ដោយបណ្ដាលឱ្យរូបលោក និងមនុស្សម្នាក់ក្នុងចំណោមអង្គរក្សរបស់លោកបានស្លាប់»។
ក៏ប៉ុន្តែភ្លាមៗ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយ។ ចំណែកឯ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បញ្ជាក់ថាមូលហេតុស្លាប់របស់លោក Haniyeh កំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗ៕