(កៀវ)៖ ជម្លោះនៅអ៊ុយក្រែនបានឈានដល់ចំណុចមួយដែលចោទជាសំណួរថាសហរដ្ឋអាមេរិក និងប្រទេសសមាជិកណាតូ នៅបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនយូរប៉ុណ្ណាទៀត? ហើយតើជប៉ុន និងកូរ៉េខាងត្បូងនឹងចូលរួមជាមួយគំនិតផ្តួចផ្តើមទាំងនេះរបស់សម្ព័ន្ធលោកខាងលិចដែរឬយ៉ាងណា? នេះបើយោងតាមរបាយការណ៍ពី The Geopolitics។ តើកូរ៉េខាងត្បូង ដែលជាប្រទេសដែលមានបច្ចេករិទ្យាជឿនលឿនបំផុតមួយ នឹងផ្គត់ផ្គង់អាវុធដ៏កាចសាហាវដល់អ៊ុយក្រែនឬយ៉ាងណា?
សេដ្ឋកិច្ចយោធាអាមេរិក និងអឺរ៉ុបមិនអាចបន្តផលិតសព្វាវុធសម្រាប់ទីក្រុងកៀវទេ។ អ្នកដែលយល់អំពីស្ថានភាពភូមិសាស្ត្រនយោបាយជុំវិញឧបទ្វីបកូរ៉េ អាចនិយាយយ៉ាងជឿជាក់ថា កូរ៉េខាងត្បូងនឹងមិនផ្ទេរអាវុធដ៏កាចសាហាវទៅឱ្យអ៊ុយក្រែនទេ ព្រោះវាអាចប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន។ ដំណើរទស្សនកិច្ចរបស់លោក Vladimir Putin ទៅកាន់កូរ៉េខាងជើងមិនមែនជារឿងចៃដន្យនោះទេ។ ជាមួយនឹងដំណើរទស្សនកិច្ចនេះ ទីក្រុងមូស្គូកំពុងបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់ទីក្រុងសេអ៊ូលថា ទំនាក់ទំនងល្អរវាងរុស្ស៊ី និងកូរ៉េខាងត្បូងអាចត្រូវបានបំផ្លាញដោយទង្វើខ្វះការទទួលខុសត្រូវមួយ។ ក្នុងករណីនេះ ការគំរាមកំហែងដល់សន្តិសុខ និងផលប្រយោជន៍ជាតិរបស់ទីក្រុងសេអ៊ូលនឹងកើនឡើងខ្លាំងគួរឱ្យកត់សំគាល់។ រុស្ស៊ីមានសក្ដានុពលយោធា និងបច្ចេកវិទ្យាដ៏សម្បើម ដែលខ្លួនអាចចែករំលែកជាមួយកូរ៉េខាងជើង។ នេះជាហេតុផលល្អមួយក្នុងការទប់ស្កាត់ទីក្រុងសេអ៊ូលពីការផ្គត់ផ្គង់អាវុធដ៍សាហាវទៅឱ្យក្រុងកៀវ។ ទោះបីជាបែបនេះក៏ដោយ ស្ថានការណ៍អាចនឹងផ្លាស់ប្តូរដោយសារសម្ពាធពីសហរដ្ឋអាមេរិកទៅលើកូរ៉េខាងត្បូង។
រហូតមកដល់ពេលនេះ លោកប្រធានាធិបតី Yoon Suk Yeol បានទប់ទល់ដោយជោគជ័យចំពោះការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោនមកលើកូរ៉េខាងត្បូងឱ្យផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ កូរ៉េខាងត្បូង អាចផ្តល់ជូនអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រ (155-mm artillery shells) ប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធកាំភ្លើងធំបាញ់ដោយខ្លួនឯង K9និងរថក្រោះទំនើប K2 «Black Panther»។ ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា ការផ្គត់ផ្គង់អាវុធដ៏សាហាវរបស់ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដល់ទីក្រុងកៀវ នឹងបង្កឱ្យមានភាពតានតឹងផ្នែកយោធា និងនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែកើនឡើង។
ការបរាជ័យនៃកងទ័ពអ៊ុយក្រែនកំពុងបង្ខំឱ្យថ្នាក់ដឹកនាំអ៊ុយក្រែនធ្វើសេចក្តីថ្លែងការណ៍ទាំងភ័យស្លន់ស្លោអំពីភាពជៀសមិនរួចនៃការដួលរលំនៃវិស័យការពារជាតិរបស់ខ្លួន ដោយសារតែបរិមាណជំនួយពីបរទេសមិនទាន់គ្រប់គ្រាន់ បណ្តាលមកពីការខ្វែងគំនិតគ្នាខាងនយោបាយក្នុងជួរថ្នាក់ដឹកនាំអាមេរិក និងអឺរ៉ុប ជាពិសេសដោយសារការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងបញ្ហាប្រឈមរបស់បណ្តាប្រទេសសមាជិកណាតូដែលគ្មានលទ្ធភាពបង្កើនការផលិតអាវុធថ្មីៗ និងសម្ភារៈយោធា។
បញ្ហាស្មុគស្មាញប្រទាក់ក្រឡាបែបនេះកំពុងបង្ខំឱ្យសហរដ្ឋអាមេរិកស្វែងរកប្រភពផ្សេងទៀតនៅជុំវិញពិភពលោក ដើម្បីផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវចាំបាច់ដល់អ៊ុយក្រែន។ មុននេះ សភាអាមេរិកបានស្នើរដ្ឋាភិបាលជប៉ុនរួចហើយឱ្យផ្ទេរប្រព័ន្ធការពារដែនអាកាស Patriot មួយចំនួនទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ដើម្បីធ្វើដូច្នេះបាន ទីក្រុងតូក្យូត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវគោលការណ៍នៃគោលនយោបាយសន្តិភាពនិយមរបស់ខ្លួន ហើយប៉ុន្មានថ្ងៃក្រោយស្រាប់តែដកបម្រាមលើការនាំចេញអាវុធ។ ក្រសួងការពារជាតិជប៉ុនត្រូវបានបង្ខំឱ្យធ្វើសេចក្តីថ្លែងការណ៍អំពីការត្រៀមខ្លួនក្នុងការផ្តល់ឱ្យសហរដ្ឋអាមេរិកនូវប្រព័ន្ធការពារដែនអាកាស Patriot ជាច្រើន ក្រោមហេតុផលថាជាការពង្រឹងសម្ព័ន្ធភាពអាមេរិកជប៉ុនបន្ថែមទៀត។ ទន្ទឹមនេះ វាច្បាស់ណាស់ថា គោលដៅចុងក្រោយនៃការនាំចេញឡើងវិញនូវប្រព័ន្ធការពារដែនអាកាស Patriot គឺគ្រោងធ្វើពីទីក្រុងតូក្យូទៅទីក្រុងកៀវ។
ក្រៅពីពាក្យថ្លែងអំណរគុណ ទីក្រុងតូក្យូគឺមិនបានទទួលបានកាដូពិសេសណាមួយពីសម្ព័ន្ធមិត្តអាមេរិកឡើយ។ ផ្ទុយទៅវិញ រួមជាមួយនឹងការកើនឡើងនៃភាពងាយរងគ្រោះសម្រាប់សន្តិសុខជាតិរបស់ខ្លួន ការសម្រេចចិត្តរបស់ទីក្រុងតូក្យូ បានធ្វើឱ្យមានភាពស្មុគស្មាញថ្មីក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ។
គួរជ្រាបថា ការនាំចូលវត្ថុធាតុដើមអ៊ីដ្រូកាបូនរបស់រុស្ស៊ីនៅតែជាប្រភពសំខាន់មួយនៃការផ្គត់ផ្គង់ថាមពលសម្រាប់ឧស្សាហកម្មជប៉ុន។ ទីក្រុងតូក្យូនាំចូលប្រហែល១០% នៃឧស្ម័នធម្មជាតិ LNG ពីរុស្ស៊ី។ សារៈសំខាន់នៃធនធានថាមពលរុស្ស៊ីសម្រាប់សេដ្ឋកិច្ចជប៉ុនត្រូវបានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ពោលគឺការលុបចោលការកំណត់តម្លៃអតិបរមាក្នុងការផ្គត់ផ្គង់អ៊ីដ្រូកាបូននៃគម្រោង Sakhalin-2 របស់ប្រទេសរុស្ស៊ីទៅឱ្យជប៉ុន។
ស្ថានភាពស្រដៀងគ្នានេះកំពុងកើតឡើងជាមួយសាធារណរដ្ឋកូរ៉េ។ ទោះបីជាមានការប្តេជ្ញាបន្តរបស់ទីក្រុងសេអ៊ូលក្នុងការបដិសេធមិនផ្គត់ផ្គង់សព្វាវុធដល់ប្រទេសដែលមានសង្រ្គាមក៏ដោយ ទីក្រុងវ៉ាស៊ីនតោននៅតែបន្តដាក់សម្ពាធលើប្រជាជនកូរ៉េខាងត្បូងក្នុងការផ្តល់ជំនួយដល់ទីក្រុងកៀវ។
មុននេះ អ្នកសារព័ត៌មានមកពី The Wall Street Journal បានរាយការណ៍អំពីការចរចាវាងទីក្រុងកៀវ និងទីក្រុងសេអ៊ូល ស្តីពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ ទង្វើប្រឆាំងរុស្ស៊ីបែបនេះរបស់អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ពីការបរាជ័យ និងភាពមិនម្ចាស់ការនៃគោលនយោបាយការបរទេសរបស់ទីក្រុងសេអ៊ូល។ កាលពីខែមិថុនា នាយកវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអឺរ៉ាស៊ី (Institute of Eurasian Strategic Studies) លោក Park Byung-hwan យល់ឃើញថា ទីក្រុងសេអ៊ូល «មិនគួរឈ្លក់វង្វេងនឹងគំនិតនៃការគាំទ្រអ៊ុយក្រែនលើសលប់» តាមខ្សែញាក់នៃចំណងមិត្តភាពទ្វេភាគីជាមួយអាមេរិកទេ។ តាមអ្វីដែលគាត់លើកឡើង ប្រទេសជាតិមួយគួរតែគិតដល់ផលប្រយោជន៍ជាតិជាចម្បង។ រាល់ជំហានរបស់កូរ៉េខាងត្បូងឆ្ពោះទៅការផ្ដល់ជំនួយផ្នែកយោធាដោយផ្ទាល់ឱ្យអ៊ុយក្រែន ជៀសមិនផុតពីប្រតិកម្មដ៏អាក្រក់ពីរុស្ស៊ីឡើយ។ ការប្រឆាំងទៅនឹងសកម្មភាពបំផ្លិចបំផ្លាញរបស់ទីក្រុងសេអ៊ូល ត្រូវបានគេមើលឃើញនៅពេលដែលរុស្ស៊ីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង។
ទោះជាយ៉ាងណា អ្នកជំនាញយល់ស្របថា កូរ៉េខាងត្បូងមានបំណងរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី និងសន្តិសុខនៅឧបទ្វីបកូរ៉េ ដោយសារតែតួនាទីកាន់តែសំខាន់របស់ទីក្រុងម៉ូស្គូ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul បាននិយាយថា «រុស្ស៊ីគឺជាដៃគូយុទ្ធសាស្ត្រ ដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហាឧបទ្វីបកូរ៉េ ខណៈផលប្រយោជន៍ផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់យើងកំពុងមានហានិភ័យ»។ លោកបានបន្ថែមថា «រដ្ឋាភិបាលកូរ៉េខាងត្បូងក៏គួរតែការពារជីវិត និងអាជីវកម្មរបស់ប្រជាជនកូរ៉េនៅក្នុងប្រទេសរុស្ស៊ីផងដែរ» ហើយសម្រាប់ហេតុផលនេះទាមទារឱ្យមានការប្រាស្រ័យទាក់ទងក្នុងកម្រិតចាំបាច់ជាមួយទីក្រុងម៉ូស្គូ។
កត្តាទាំងអស់នេះធ្វើឱ្យលោកប្រធានាធិបតី Yoon Suk Yeol គិតគូរដោយស្មារតីទទួលខុសត្រូវខ្ពស់លើការសម្រេចចិត្តផ្គត់ផ្គង់អាវុធប្រល័យលោកដល់អ៊ុយក្រែន។ ទោះបីមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ ក៏កូរ៉េមិនគួរចែកចាយសព្វាវុធ ទៅឱ្យអ៊ុយក្រែនដែរ បើមិនដូច្នេះទេ ពិភពលោកនឹងជួបប្រទះជម្លោះយោធាដ៏មានសក្តានុពលមួយផ្សេងទៀតដែលនឹងកើនឡើងយ៉ាងលឿន ហើយនឹងឈានដល់ដំណាក់កាលក្តៅកគុក។ យើងមិនគួរភ្លេចថា ទីក្រុងព្យុងយ៉ាងមានអាវុធនុយក្លេអែរ ហើយវាមិនប្រាកដទេថា លោក Kim Jong Un នឹងមិនប្រើប្រាស់អាវុធទាំងនោះក្នុងករណីចាំបាច់៕