(ឌូបៃ)៖ ប្រធានាធិបតីថ្មីរបស់អ៉ីរ៉ង់ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែងជាផ្លូវការហើយ កាលពីថ្ងៃអង្គារ ទី៣០ ខែកក្កដា បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីដើមខែកក្កដាកន្លងទៅនេះ ជាមួយការសន្យាថានឹងធ្វើឱ្យល្អប្រសើរឡើងនូវទំនាក់ទំនងជាមួយពិភពលោក ក៏ដូចជាបន្ធូរបន្ថយការរឹតត្បិតមួយចំនួន នៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់សម័យប្រជុំមួយនៃសភាអ៉ីរ៉ង់ លោក Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តធ្វើការទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងប្រសិទ្ធភាពជាមួយ ពិភពលោក ដោយឈរលើមូលដ្ឋានសេចក្ដីថ្លៃថ្នូរ សុភនិច្ឆ័យ និងកាលនុវត្តភាព»

គួរបញ្ជាក់ថា ជ័យជម្នះរបស់លោក Pezeshkian បានផ្ដល់ក្ដីសង្ឃឹមពីភាពធូរស្រាលនៅក្នុងទំនាក់ទំនងតានតឹងរវាងអ៉ីរ៉ង់ និងលោកខាងលិច។ ប៉ុន្តែ លោក Pezeshkian បានឡើង កាន់អំណាច ចំពេលតំបន់មជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដោយសារតែសង្រ្គាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា និងការសងសឹកដាក់គ្នា ទៅវិញទៅមករវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។

ម្យ៉ាងវិញទៀត ក្រុមអ្នកវិភាគលោកខាងលិចជឿថានៅក្រោមការដឹកនាំរបស់លោក Pezeshkian គោលនយោបាយការបរទេសរបស់អ៉ីរ៉ង់ទំនងជានឹងមិនមានអ្វីប្រែប្រួលច្រើននោះទេ ដ្បិតអំណាចពិតប្រាកដ គឺស្ថិតនៅក្នុងកណ្ដាប់ដៃមេដឹកនាំកំពូលអ៉ីរ៉ង់ Ayatollah Ali Khamenei។ លោក Pezeshkian បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអ៉ីរ៉ង់ ជំនួសលោក Ebrahim Raisi ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភាកន្លងទៅ៕