(ញូវដេលី)៖ គ្រោះធម្មជាតិបាក់ដីដ៏រន្ធត់មួយបានកើតឡើងនៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បណ្តាលឲ្យមនុស្សយ៉ាងតិច ៩៣នាក់បាត់បង់ជីវិត ខណៈដែលរាប់រយនាក់នៅបន្តបាត់ខ្លួន។ ការបាក់ដីនេះបានកើតឡើងបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំង និងបានបំផ្លាញផ្ទះសម្បែង និងចម្ការជាច្រើន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមអ្នកសង្គ្រោះកំពុងប្រឹងប្រែងស្វែងរកជនរងគ្រោះ ប៉ុន្តែប្រតិបត្តិការនេះជួបការលំបាកដោយសារតែទឹកជំនន់ និងភក់។ ជនរងគ្រោះភាគច្រើនគឺជាកម្មករចម្ការតែ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ដែលរងគ្រោះ។
រដ្ឋាភិបាលក្នុងតំបន់ និងកងទ័ពបានដាក់ពង្រាយក្រុមអ្នកសង្គ្រោះ និងវិស្វករ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ស្ពានមួយដែលជាផ្លូវតភ្ជាប់តំបន់រងគ្រោះទៅកាន់ទីក្រុង Chooralmala ក៏ត្រូវបានខូចខាតទាំងស្រុងផងដែរ។
ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្តទៀតនៅរដ្ឋ Kerala ភាគខាងជើង និងកណ្តាល ដែលធ្វើឱ្យការខិតខំប្រឹងប្រែងសង្គ្រោះជួបការលំបាក។ អាជ្ញាធរកំពុងព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលអាចកើតមានបន្ថែមទៀត។
គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះត្រូវបានចាត់ទុកថា ជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតនៅ Kerala ចាប់តាំងពីឆ្នាំ ២០១៨ ដែលជំនន់ទឹកភ្លៀងនៅពេលនោះ បានសម្លាប់មនុស្សជិត ៤០០នាក់។ មេដឹកនាំនយោបាយក្នុងតំបន់កំពុងអំពាវនាវឱ្យមានការគាំទ្រ និងការយកចិត្តទុកដាក់បន្ថែមពីសំណាក់រដ្ឋាភិបាលកណ្តាល៕