(គៀវ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលអ៊ុយក្រែនបានអញ្ជើញ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនឱ្យមកទស្សនកិច្ចនៅអ៊ុយក្រែន ហើយទីក្រុងប៉េកាំងបានបង្ហាញពី «ចំណាប់អារម្មណ៍» ចំពោះសំណើនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានជួបជាមួយសមភាគីចិនកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដំបូងរបស់លោកនៅប្រទេសចិនក្នុងអំឡុងពេលសង្គ្រាម ដែលមន្ត្រីទាំងពីរបានជជែកគ្នាអស់រយៈពេលជាងបីម៉ោង។
អ្នកនាំពាក្យក្រសួងការបរទេស លោក Heorhii Tykhyi បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្រុងគៀវថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ លោក Wang Yi នៅអ៊ុយក្រែន ដើម្បីមើលផ្ទាល់ភ្នែកពីផលវិបាកនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសយើង និងធ្វើការចរចាទ្វេភាគីយ៉ាងស៊ីជម្រៅ ជាមួយលោកលើបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិមួយចំនួន»។
គួរបញ្ជាក់ថា ចិនបានដាក់ខ្លួនជាអ្នកអព្យាក្រឹត្យលើសង្គ្រាម ប៉ុន្តែបានប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ជាមួយរុស្ស៊ី មុនពេលទីក្រុងម៉ូស្គូឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ ហើយបានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin សម្រាប់កិច្ចពិភាក្សានៅក្នុងខែឧសភា៕