(ប៉េកាំង)៖ យន្តហោះចម្បាំង F-16 ដែលរំពឹងនឹងជួយកែស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន នៅមិនទាន់ មានសេចក្តីរាយការណ៍បញ្ជាក់ថា បានទៅដល់ឬមិនទាន់ទៅដល់អ៊ុយក្រែនឡើយ។ សេចក្តី រាយការណ៍បង្ហាញថារុស្ស៊ី ក៏កំពុងតែរង់ចាំយន្តហោះចម្បាំង F-16 របស់ប្រទេសលោកខាង លិចផងដែរប៉ុន្តែក្នុងលក្ខណៈត្រៀមវាយប្រហារបំផ្លាញ បើសិនជារកឃើញថាបានរក្សាទុក ក្នុងព្រលានយន្តហោះណាមួយលើទឹកដីអ៊ុយក្រែននោះ។
យន្តហោះចម្បាំង F-16 ដំបូងគេដែលនឹងបញ្ជួនទៅដល់ប្រទេសអ៊ុយក្រែន គឺជាយន្តហោះ ដែលស្ថិតក្នុងប្រទេស នៃសមាជិករបស់អង្គការណាតូ គ្រាដែលអ៊ុយក្រែនបានរៀបចំការបង្វឹក ក្រុមបើកបរយន្តហោះ F-16 នេះ អស់រយៈពេលជាច្រើនខែរួចមកហើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាយន្តហោះចម្បាំង F-16 នឹងផ្តល់នូវសារៈសំខាន់ជាខ្លាំង ណាស់ក្នុងការជួយអ៊ុយក្រែនរុញច្រានរុស្ស៊ីមិនឱ្យត្រួតត្រាលើ ផ្ទៃអាកាសរបស់អ៊ុយក្រែន បន្តទៀតបានឡើយ។ ប៉ុន្តែរុស្ស៊ី ត្រូវគេរាយការណ៍ថាក៏បានទន្ទឹងរង់ចាំការមកដល់យន្តហោះចម្បាំង F-16នេះផង ដែរ។
កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដាក់លើមូលដ្ឋានទ័ពអាកាសរបស់អ៊ុយក្រែនជាច្រើន លើកច្រើនសាររួចមកហើយ ដែលការវាយប្រហារតាមផ្លូវអាកាសនោះ បាននាំឱ្យមានក្តីបារម្ភ ថា យន្តហោះ F-16 ដែលអ៊ុយក្រែនទន្ទឹងរង់ចាំ ជាយូរក្នុងការមកដល់នោះ ក៏នឹងក្លាយជា គោលដៅចម្បងនៃការវាយប្រហាររបស់រុស្ស៊ីជាបន្ថែមទៀតនៅពេលលេចមុខឡើងលើព្រ លានយន្តហោះរបស់អ៊ុយក្រែននោះ។
គ្រាន់តែនៅក្នុងអម្លុងខែកក្កដាឆ្នាំ២០២៤ យ៉ាងហោចណាស់មានអាកាសយានដ្ឋានចំនួនបី បានរងនឹងការវាយប្រហារ ក្នុងនោះរួមមានអាកាសយានដ្ឋាន២ នាភាគកណ្តាលអ៊ុយក្រែនគឺ ព្រលានយន្តហោះមៀរហូរ៉ត Myrhorod និងគ្រីវីយី រី Kryvyi Rih និងអាកាសយានដ្ឋាន ផ្សេងមួយទៀត ដែលស្ថិតនៅតំបន់ភាគខាងត្បូងតំបន់ Odesa ។
រដ្ឋាភិបាលក្រុងមូស្គូបានអះអាងថា គេបានបំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែន Su-27 ចំនួន ប្រាំគ្រឿង និងយន្តហោះ MiG-29មួយគ្រឿង រួមជាមួយនឹងរ៉ាដា និងប្រព័ន្ធអាវុធការពារដែន អាកាស Patriot ដ៏មានតម្លៃនោះថែមទៀតតាម ការវាយប្រហារផ្លូវអាកាសដាក់មកលើព្រ លានយន្តហោះរបស់អ៊ុយក្រែន។
អាជ្ញាធរក្រុង Kyiv បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបញ្ជាក់តបមកវិញថាយន្ត ហោះទម្លាក់ គ្រាប់បែកនិង ប្រព័ន្ធការពារដែនអាកាសដែលរុស្ស៊ីបានផ្សព្វផ្សាយថាត្រូវបាន រងការវាយប្រហារតាមជើងអាកាសកន្លងមកនេះ គឺវាគ្រាន់តែរបស់របស់ដាក់ពង្រាយក្លែង ក្លាយ ដើម្បីបញ្ឆោតឱ្យរុស្ស៊ីខាតបង់ការប្រើប្រាស់មីស៊ីល Iskander ដ៏មានតម្លៃថ្លៃតែប៉ុណ្ណោះ។
ការបញ្ជាក់ថាវាជាឧបករណ៍ក្លែងក្លាយដោយគ្រាន់តែ ដាក់ពង្រាយដើម្បីបញ្ឆោតរុស្ស៊ីនោះ បើទោះបីជាពិតឬមិនពិតក៏ដោយ អ៊ុយក្រែនត្រូវគេរាយការណ៍ថាកំពុងតែ បារម្ភថាតើយន្ត ហោះF-16 ទាំងឡាយ នៅពេលបានមកដល់អ៊ុយក្រែន ត្រូវយកទៅរក្សាទុក នៅកន្លែង ណាទៅវិញដើម្បីបញ្ចៀសការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីនោះ?
ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀរពូទីនបានថ្លែងព្រមានរួចមកហើយថា «… ប្រសិនណាបើ យន្តហោះF16 ដែលប្រើប្រាស់នោះ មកពីព្រលានយន្តហោះក្នុងប្រទេសទីបី, យន្តហោះនោះ នឹងក្លាយជាគោលដៅកម្ទេចជាមិនខាន បើទោះបីជាយន្តហោះទាំង នោះអាចស្ថិតនៅទីតាំង កន្លែងណាមួយក៏ដោយ»។
សាស្ត្រាចារ្យ Justin Bronk អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកថាមពលនិងបច្ចេកវិទ្យានៃវិទ្យាស្ថាន Royal United Service Institute នៃប្រទេសអង់គ្លេស បាននិយាយថា រហូតមកទល់ពេលនេះ កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានពឹងផ្អែកភាគច្រើនលើ "ប្រតិបត្តិការបំបែក" Dispersed Operations ដើម្បីធានាថាយន្តហោះចម្បាំងរបស់ខ្លួន មិនត្រូវបានវាយប្រហារនៅពេលចតលើ ដីក្នុងព្រលាននោះឡើយ។
លោកបានពន្យល់បន្តថា យន្តហោះ និងឧបករណ៍របស់វាត្រូវបានផ្លាស់ប្តូរជាទៀងទាត់ក្នុងការ ហោះព័ទ្ធក្រឡឹង ឬត្រូវធ្វើដំណើរពីមូលដ្ឋានមួយទៅមូលដ្ឋានមួយ…ដូច្នេះបើសិនណាជារុស្ស៊ី ធ្វើការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ដាក់មកលើយន្តហោះនោះ វាគ្រាន់តែជាការបាញ់ ប្រហារចំតែព្រលានទទេនិងស្មៅតែប៉ុណ្ណោះ។
ប៉ុន្តែយុទ្ធសាស្ត្រនេះនឹងអាចនឹងត្រូវគេផ្លាស់ប្តូរ ប្រសិនបើអ៊ុយក្រែនចង់ការពារយន្តហោះ F-16 របស់ខ្លួនដើម្បីរារាំងមិនឱ្យរុស្ស៊ី ធ្វើការវាយប្រហារតាមផ្លូវអាកាសបាន។ យន្តហោះ F-16 គឺជាប្រភេទយន្តហោះ ដែលត្រូវការផ្លូវរត់ដ៏រលូននិងឥតខ្ចោះ ដែលគ្មានដុំថ្ម និងដុំកម្ទេចកម្ទីផ្សេងៗទៀតឡើយ ប្រសិនបើមិនចង់ឱ្យម៉ាស៊ីនរបស់វា បានរងនឹងការខូចខាត នោះទេ។
សាស្ត្រាចារ្យ Justin Bronk បានថ្លែងថា ប៉ុន្តែការប៉ុនប៉ងណាមួយដើម្បីកែលម្អហេដ្ឋារចនា សម្ព័ន្ធនៅលើមូលដ្ឋាន ដែលមានស្រាប់ វានឹងមិនអាចលាក់កំបាំងពីភ្នែករបស់រុស្ស៊ីនោះបាន ឡើយក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។
សេចក្តីរាយការណ៍បង្ហាញថា មុននេះរុស្ស៊ីដើម្បីតាមដានភាពវិវត្តន៍ក្នុងប្រទេសអ៊ុយក្រែន តែងពឹងផ្អែកលើបច្ចេកវិទ្យាផ្កាយរណប របស់ខ្លួន ដើម្បីឃ្លាំមើលតាមដានភាពវិវត្តន៍ក្នុង ប្រទេសអ៊ុយក្រែន ដែលតាមរយៈនេះ បើទោះបីជាដឹង ក៏មិនអាចច្បាស់លាស់ បានដែរនៅ ពេលដែលមានមីស៊ីលបានបាញ់សម្តៅដាក់ទៅលើគោលដៅនោះ។
ប៉ុន្តែឥឡូវនេះរុស្ស៊ីមានដ្រូនស៊ើបការណ៍ដូចជាប្រភេទ Zala, Supercam និង Orlans ដែល ប្រព័ន្ធទាំងនេះ អាចបញ្ជូនរូបភាព តាមពេលវេលាជាក់ស្តែងទោះបីជ្រៅប៉ុណ្ណាក៏ដោយ ក្នុង ទឹកដីអ៊ុយក្រែន និងជាប្រព័ន្ធដែលចៀសផុតពី ប្រព័ន្ធតាមដាននិងប្រព័ន្ធបង្កករបស់អ៊ុយ ក្រែននោះថែមទៀត។
មេបញ្ជាការអង្គភាព Drone លោក Oleksandr Karpyuk បានថ្លែងថា ដ្រូនប្រភេទនេះនាពេល បច្ចុប្បន្ន អាចត្រូវបានគេដាក់បញ្ចូលនូវកម្មវិធីដើម្បីឱ្យវាហោះបានឆ្ងាយដោយស្ងាត់ និងគ្មាន ដានរលកសកម្មអ្វីដែលគេអាចតាមចាប់បានឡើយ។
វីដេអូមួយរបស់ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញពីការវាយប្រហារមួយលើមូលដ្ឋានទ័ពអាកាស Myrhorod នាដើមខែកក្កដានៅពេលដែលមានការបាញ់មីស៊ីលផ្លោង Iskander បាញ់ ដាក់លើតំបន់ដែលយន្តហោះជាច្រើន ដែលបានចតនៅទីនោះ។
****តើមានយន្តហោះចម្បាំង F-16 ប៉ុន្មានបានទៅដល់អ៊ុយក្រែននាពេលនេះ?
ដំណើររបស់យន្តហោះចម្បាំង F-16 កំពុងក្លាយជាដំណើរដ៏អាថ៌កំបាំងដោយគ្មានអ្នកណា អាចហ៊ានបញ្ចេញព័ត៌មានពិត បានឡើយ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការបង្ហើប ណាមួយ ជុំវិញការទៅដល់របស់យន្តហោះ ចម្បាំងF-16 នៅលើទឹកដីអ៊ុយក្រែននៅឡើយទេ បើទោះបីជាអ្នកជំនាញអាកាសចរណ៍អ៊ុយ ក្រែនលោកអាណាតូលី ក្រាប់ឈីនស្គី Anatoliy Khrapchynsky បាននិយាយថា រុស្ស៊ីកំពុង "ស៊ើបអង្កេត" ដាក់ទៅលើអាកាសយានដ្ឋានអ៊ុយក្រែននានាទាំងឡាយ ដោយសារពួកគេ ជឿថាប្រហែលជាអាចមានយន្តហោះ F-16 បានទៅដល់ហើយ។
ការតាមដានយ៉ាងដិតដល់របស់រុស្ស៊ីនេះ គឺនៅបន្ទាប់ពីអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអ៊ុយក្រែន លោក William Taylor បានថ្លែងថាយន្ត ហោះចម្បាំងF-16 នឹងត្រូវអាចឃើញ ការហោះការពារដែនអាកាសអ៊ុយក្រែនក្នុងរដូវក្តៅឆ្នាំ២០២៤…និងក្រោយមកត្រូវបានបន្ទរ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលនិយាយក្នុងខែកក្កដាថា ការ ផ្ទេរយន្តហោះចម្បាំង F-16 បានស្ថិតក្នុងដំណើរការរួចហើយពីប្រទេសដាណឺម៉ាក និងហូឡង់នោះ។ ប្រទេសណ័រវ៉េ, ប្រទេសហូឡង់, ប្រទេសដាណាម៉ាក, ប្រទេសបែលហ្ស៊ីក គឺជាប្រទេស ដែលសន្យាផ្តល់យន្តហោះ F16 ទៅឱ្យអ៊ុយក្រែន សរុបប្រមាណ៦៥គ្រឿង។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីនៅក្នុងខែកក្កដានេះក្នុងពេលធ្វើទស្សនកិច្ចក្នុង រដ្ឋធានីវ៉ាស៊្ហីនតោនពេលអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ ដោយបាននិយាយថា អ៊ុយ ក្រែនត្រូវការយន្តហោះ F-16 យ៉ាងហោច នាពេលនេះចំនួនដល់ ១២៨គ្រឿង។ លោក បានថ្លែងថាការបញ្ជួនយន្តហោះ F-16 បើមានត្រឹមតែ៥០គ្រឿង ក៏នៅមិនទាន់បានការដែរ។ លោកថាអ៊ុយក្រែនត្រូវការដល់ចំនួន៣០០ គ្រឿងឯណោះដើម្បីការវាយបណ្តេញទាហាន រុស្ស៊ីពីទឹកដីភាគខាងកើត។
នៅឆ្នាំនេះ អ៊ុយក្រែនបានស្ថិតនៅក្រោមការគំរាមកំហែងនៃអាវុធ Glide Bombs របស់រុស្ស៊ី។ គិតតែត្រឹមមួយខែ នៅក្នុងខែមីនា ឆ្នាំ២០២៤ រុស្ស៊ីបានប្រើអាវុធគ្រាប់បែករំអិល Glide Bombs ចំនួន៣ពាន់គ្រាប់ដាក់លើទឹកដីអ៊ុយក្រែន ដែលការបាញ់នេះ ភាគច្រើន ធ្វើតាមរយៈយន្តហោះ ចម្បាំង Su-34 របស់រុស្ស៊ី។
ក្រុមអ្នកជំនាញនិយាយថាប្រសិនបើអ៊ុយក្រែនអាចការពារយន្តហោះ F-16 របស់ខ្លួនដែលចត នៅលើដីក្នុងព្រលានយន្តហោះ បានដោយសុវត្ថិភាពនោះ អ៊ុយក្រែននឹងមានសង្ឃឹមថា ប្រតិ បត្តិការយន្តហោះ F-16 នឹងអាចដើរតួយ៉ាងសំខាន់ ក្នុងការបណ្តេញ យន្តហោះចម្បាំងរុស្ស៊ីមិន ឱ្យប្រើប្រាស់គ្រាប់បែករអិលដាក់មកលើ កងកម្លាំងថ្មើរជើងរបស់អ៊ុយក្រែនទៀត បានឡើយ។ ក្រុមអ្នកជំនាញនិយាយថា យន្តហោះ F-16 នោះទៀត នឹងធ្វើកិច្ចការរួមគ្នាជាមួយនឹងប្រព័ន្ធ អាវុធការពារដែនអាកាស ដូចជាប្រព័ន្ធ Patriot និងប្រព័ន្ធ NASAMS ដែលបានដាក់ពង្រាយ លើទឹកដីអ៊ុយក្រែន រួចមកហើយ។
យន្តហោះចម្បាំង F-16 ដែលនឹងត្រូវបំពាក់នូវអាវុធមីស៊ីលអាកាស AIM-120 AMRAAM គឺជាប្រព័ន្ធអាវុធអាចការពារ យន្តហោះប្រយុទ្ធដោយខ្លួនឯងបានបើទោះបីជាមានការបាញ់មក ពីចម្ងាយរបស់សត្រូវក៏ដោយ។ អ៊ុយក្រែនបច្ចុប្បន្ននេះ នៅបន្តប្រើយន្តហោះនា អតីតសម័យសហភាពសូវៀតដែលជាយន្ត ហោះមិនអាចបាញ់មីស៊ីលទំនើបបាន និងជាប្រភេទយន្តហោះ មិនអាចគេចលឿនដូចជាយន្ត ហោះ F-16 ផលិតដោយក្រុមប្រទេសលោកខាងលិចឡើយ។
ប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែនរំពឹងថា យន្តហោះ F-16 នឹងអាចជួយកែស្ថានភាពចម្បាំងនៅក្នុង អ៊ុយក្រែនបាន ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ យន្តហោះ F-16 ក៏នៅមានភាពចន្លោះខ្វះខាត របស់វាផងដែរ។ សាស្ត្រាចារ្យ Justin Bronk នៃវិទ្យាស្ថាន Royal United Service Institute បានថ្លែងថា ប្រសិន បើយន្តហោះ F-16 ហោះឡើងខ្ពស់ វានឹងងាយរងគ្រោះ ដោយប្រព័ន្ធការពារដែនអាកាសរបស់ រុស្ស៊ី វិញបាន។ លោកបន្តថាប្រសិនបើវាហោះហើរទាប គឺត្រូវហោះចូលឱ្យ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដើម្បីផ្តល់ឲ្យមីស៊ីលរបស់ខ្លួន មានលទ្ធភាពផ្តល់ចម្ងាយគ្រប់គ្រាន់របស់វា។ ប៉ុន្តែលោកបញ្ជាក់ថា ការហោះរបៀបនេះ នឹងមានហានិភ័យខ្លាំងណាស់។
ដើម្បីជួយឱ្យយន្តហោះ F16s ជាយន្តហោះដ៏មានសក្តានុពល, អ្នកជំនាញអាកាសចរណ៍អ៊ុយក្រែនលោក អាណាតូលី ក្រាប់ឈីនស្គី បានថ្លែងថាគេត្រូវតែពង្រឹង ប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែនជាបន្ថែមទៀត។ ប៉ុន្តែបច្ចុប្បន្ន អ្វីជាបញ្ហានោះ គឺថា អ៊ុយក្រែនកំពុងប្រឈមនឹង ការខ្វះខាតដ៏ធំមួយនៃការខ្វះប្រព័ន្ធ Patriots និងគ្រាប់មីស៊ីលរបស់វា។ ប្រធានាធិបតី Zelensky និយាយថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារ Patriot យ៉ាងតិច 25 ដើម្បីការពារផ្ទៃមេឃរបស់ខ្លួន ខណៈបច្ចុប្បន្នអ៊ុយក្រែន ទើបមានតិចតួចប៉ុណ្ណោះ។
សំណួរក្នុងពេលនេះគឺថាតើអ៊ុយក្រែន អាចមានលទ្ធភាពរក្សាយន្តហោះចម្បាំង F-16 ដែល ប្រទេសលោកខាងលិចបញ្ជួនមកឱ្យ ដើម្បីធ្វើចម្បាំងនោះ បញ្ចៀសពីការវាយប្រហារតាម ផ្លូវ អាកាសរបស់រុស្ស៊ីបានដែរឬទេ? តើអ៊ុយក្រែននឹងត្រូវបង្កើន ប្រព័ន្ធអាវុធការពារអាកាសច្រើន ប៉ុណ្ណាទៀតដើម្បីធ្វើឱ្យ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី លែងក្លាយជាគ្រោះគំរាមកំ ហែងទៀតនោះ?