(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីឈានដល់ការសម្រេចបាន គោលដៅតស៊ូ «១ សតវត្សរ៍ចំនួនពីរ» ពោលគឺគោលដៅសម្រេចបាននូវការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ នៅមុនឆ្នាំ ២០២១ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលគោលដៅនេះបានសម្រេច ដោយជោគជ័យរួចហើយ ។ ចំណែកឯគោលដៅតស៊ូទីពីរគឺការឆ្ពោះទៅរក ការសម្រេចបាននូវការកសាង ប្រទេសសង្គមនិយមទំនើប ដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ស្អាតនៅមុនឆ្នាំ ២០៤៩ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។
ហេតុអ្វីបានជាប្រទេសចិនប្រកាន់ខ្ជាប់ ការធ្វើកំណែទម្រង់និងបើកទូលាយ?
តាំងពីបានដាក់ចេញគោលនយោបាយកំណែទម្រង់និងបើកទូលាយមក ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ច នូវការអភិវឌ្ឍខ្លួនឯង និងមានឆន្ទៈចែករំលែកនូវបទពិសោធ នៃការអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេសនានា ក៏ដូចជារៀនសូត្រពីបទពិសោធអភិវឌ្ឍន៍ ដ៏មានតម្លៃរបស់ប្រទេសផ្សេងៗ ដើម្បីឈានដល់ការអភិវឌ្ឍរួម ។ នៅក្នុងដំណើរការនេះ ការបើកទូលាយបានក្លាយជា ជម្រើសដែលមិនអាចខ្វះបាន ។
ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយ បានជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍបែបលោតផ្លោះ ដែលផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ១៩៧៨ មានត្រឹមតែ ៣៦៧៩០០ លានយាន់ប្រាក់ចិនប៉ុណ្ណោះ តែនៅឆ្នាំ ២០២៣ GDP របស់ចិនមានដល់ទៅជាង ១២៦.០៦ ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើងជិត ៣៥០ ដង ព្រមទាំងបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកនិងជាប្រទេសដែលផ្តល់ជំនួយច្រើនបំផុត ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ។
ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយ បាននាំប្រទេសចិនរើបម្រះចេញពី អ្វីដែលកាលពីអតីតកាល មានប្រទេសមួយចំនួនធ្លាប់ដាក់ងារថា «អ្នកជំងឺអាស៊ីបូព៌ា» និងប្រែក្លាយជានាគនៅអាស៊ី រហូតដល់មានឥទ្ធិពលយ៉ាងសំខាន់ ចំពោះការអភិវឌ្ឍនៃពិភពលោកទាំងមូល។ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនិងលំនឹងសន្តិភាពពិភពលោក។
ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយ បាននាំឱ្យប្រទេសចិនប្រែក្លាយពីប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានចំនួនជនក្រីក្រច្រើនបំផុត លើពិភពលោកទៅជាប្រទេសទីមួយលើពិភពលោក ដែលប្រជាជនក្រីក្រទូទាំងប្រទេសបានចាកចេញពី ភាពក្រីក្រទាំងស្រុង ។ បុព្វហេតុដ៏អច្ឆរិយនេះត្រូវបានកត់ត្រា ក្នុងទំព័រប្រវត្តិសាស្ត្រនៃមនុស្សជាតិ ហើយបទពិសោធនិងគោលនយោបាយកាត់បន្ថយ ភាពក្រីក្ររបស់ប្រទេសចិន ត្រូវបានដាក់បញ្ចូល ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិជាច្រើនលើក ដើម្បីចែករំលែកជាមួយប្រទេសនានា ។
ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយ បានធ្វើឱ្យ «រង្វង់មិត្តភក្តិ» របស់ប្រទេសចិនកាន់តែរីកធំឡើងៗ ពោលគឺគិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ មានប្រទេសចំនួន ១៨៣ នៅលើពិភពលោកបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ មិនថាប្រទេសធំឬតូច មិនថាជាតិសាសន៍ឬពណ៌សម្បុរណា ក៏ប្រទេសចិនបានរាប់រកដោយសមភាព និងគោរពគ្នាទៅវិញទៅមក ដូចជាឃ្លាមួយក្នុងចម្រៀងបទ «ស្រណោះប្រទេសចិន» ដែលជាព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានលើកឡើងថា «អ្នកជាមហាអំណាចដែលអាចឆ្មើងដ៏ឧត្ដម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំឬតូចយ៉ាងណា»។
ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយ បានធ្វើឱ្យប្រទេសចិនមានភាពឯករាជ្យម្ចាស់ការ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ កាលពីអតីតកាល ការអភិវឌ្ឍនៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមួយចំនួនធំ របស់ប្រទេសចិនត្រូវពឹងផ្អែកលើបរទេសទាំងស្រុង ប៉ុន្តែបច្ចុប្បន្ននេះ មានវិស័យជាច្រើនមិនត្រឹមតែមិនចាំបាច់ពឹងផ្អែក លើបរទេសនោះទេ ប៉ុន្តែថែមទាំងបានចែករំលែកសមិទ្ធផលនៃការសិក្សាស្រាវជ្រាវ ដើម្បីជាឧត្តមប្រយោជន៍ដល់ សង្គមមនុស្សជាតិទៀតផង តួយ៉ាងដូចជាប្រព័ន្ធផ្កាយរណបកំណត់ទីតាំង បន្ទះឈីប ស្ថានីយអវកាសជាដើម ជាពិសេសការយកសំណាកដីពីផ្ទៃខាងក្រោយ នៃភពព្រះចន្ទដែលជា សមិទ្ធផលសិក្សាស្រាវជ្រាវដំបូងបង្អស់លើពិភពលោក ។
ចូលក្នុងយុគសម័យថ្មី ប្រទេសចិនបានឈានចូលដំណាក់ការ«ធ្វើទំនើបកម្មតាមបែបផែនចិន»ដើម្បីឈានទៅរកការស្តារ ភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។ ក្នុងនោះ «ការបើកទូលាយដោយកម្រិតខ្ពស់»ត្រូវបានតាក់តែងជាជំពូកឯករាជ្យមួយ ក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបង្ហាញយ៉ាងប្រចក្សនូវការប្តេជ្ញាចិត្ត របស់ចិនក្នុងការជំរុញការបើកទូលាយ ។ ចំណែកឯផែនការគោលនៃការអភិវឌ្ឍ ដោយគុណភាពខ្ពស់ដែលលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបបិទបញ្ចប់គឺការធ្វើឱ្យស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមទៀតនូវកំណែទម្រង់។
«បើកទូលាយរស់ បិទទ្វារស្លាប់» មានតែការបើកទូលាយទើបអាចនាំមក នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបអាចចែករំលែកពី សមិទ្ធផលអភិវឌ្ឍន៍ទៅវិញទៅមក ពិសេសប្រឈមនឹងភាពស្មុគស្មាញ នៃស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលមានទាំងបម្រែបម្រួលខាងនិម្មាបនកម្មសកល និងវិបត្តិផ្ទួនៗ នោះគឺតម្រូវឱ្យប្រទសទាំងអស់ពួតដៃគ្នា ដើម្បីជម្នះឧបសគ្គ និងស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។ តាមរយៈគោលនយោបាយបើកទូលាយ ដោយកម្រិតខ្ពស់របស់ខ្លួនប្រទេសចិនមានឆន្ទៈ ធ្វើការជាមួយប្រទេសនានាដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម វិបុលភាពរួមនិងកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិនៅទីបំផុត៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន