(ហាណូយ)៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយនៅថ្ងៃអង្គារនេះថា លោកចង់ចាប់ផ្តើមធ្វើការដើម្បីបង្កើនទំនាក់ទំនងការបរទេសជាមួយវៀតណាម ដោយនិយាយថា EU អាចជួយជំរុញសមត្ថភាពសន្តិសុខដែនសមុទ្រ និងសន្តិសុខតាមអ៉ីនធើណេតរបស់វៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០២៤។

លោក Borrell និងរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានពិភាក្សាគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង អ៊ុយក្រែន និងមូលនិធិសម្រាប់ការផ្លាស់ប្តូរថាមពល ក្នុងកិច្ចប្រជុំនៅទីក្រុងហាណូយ។ ក្រោយកិច្ចប្រជុំ លោក Borrell បញ្ជាក់ថា «ខ្ញុំចង់ឱ្យទស្សនកិច្ចរបស់ខ្ញុំនៅទីនេះ ក្លាយជាពេលវេលាដើម្បីចាប់ផ្តើមដំណើរការបង្កើនទំនាក់ទំនងរបស់យើង»

លោក Borrell ក៏បានជំរុញឱ្យវៀតណាម ពន្លឿនការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយស្មើភាព (JETP) ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។ លោកបានសង្កត់ធ្ងន់ថា EU គាំទ្រចំពោះការគោរពច្បាប់អន្តរជាតិ នៅសមុទ្រចិនខាងត្បូង ហើយក៏ដូចជានៅអ៊ុយក្រែន។ រដ្ឋាភិបាលនៃប្រទេសសហភាពអឺរ៉ុបមួយចំនួន មើលឃើញគោលជំហររបស់វៀតណាម ចំពោះអ៊ុយក្រែនមិនផ្អៀងខ្លាំងពេកទៅរករុស្ស៉ីនោះទេ។

គួរបញ្ជាក់ថា ក្នុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសវៀតណាម បានស្នើឱ្យ EU ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការអនុវត្ត JETP ដោយបន្ថែមថា វៀតណាមស្វាគមន៍ EU ក្នុងការដើរតួនាទីយ៉ាងសកម្មថែមទៀត នៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក៕