(ម៉ានីល)៖ ប្រទេសហ្វីលីពីន កំពុងបែងចែកថវិកាចំនួន ២៥៦.១ពាន់លានប៉េសូ ឬស្មើនឹង ៤.៣៨ពាន់លានដុល្លារ សម្រាប់បង្កើនការចំណាយលើវិស័យការពារជាតិ នៅឆ្នាំ ២០២៥ ដែលកើនឡើង ៦.៤ភាគរយពីថវិកាឆ្នាំនេះ ខណៈហ្វីលីពីនព្យាយាមធ្វើទំនើបកម្ម និងជំរុញការការពារការគំរាមកំហែងពីខាងក្រៅ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០២៤។
ក្រសួងថវិកា បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ថវិកាការពារជាតិខាងលើ ស្មើនឹងប្រមាណ ៤ភាគរយនៃគម្រោងចំណាយសរុប ៦.៣៥ទ្រីលានប៉េសូ ស្នើឡើងដោយរដ្ឋាភិបាលហ្វីលីពីន សម្រាប់ឆ្នាំ ២០២៥ និងដែលក្រសួងបានដាក់ជូនសភាដើម្បីអនុម័ត កាលពីថ្ងៃចន្ទ។ ក្នុងនោះចំនួន ២០៤.៤ពាន់លានប៉េសូ នឹងត្រូវប្រើប្រាស់សម្រាប់កងទ័ពជើងគោក កងទ័ពអាកាស និងកងទ័ពជើងទឹក ខណៈ ៥០ពាន់លានប៉េសូ នឹងផ្តល់មូលនិធិដល់ផែនការទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ដែលបានផ្លាស់ប្តូរ យុទ្ធសាស្រ្តពីការការពារផ្ទៃក្នុង ទៅការពារការគំរាមកំហែងពីខាងក្រៅ។ ក្រោមផែនការថវិកាឆ្នាំ ២០២៥នោះដែរ ឆ្មាំសមុទ្រហ្វីលីពីនដែលកំពុងអនុវត្តការល្បាត ក៏ដូចជាបំពេញបេសកកម្មផ្គត់ផ្គង់សម្ភារ នៅសមុទ្រចិនខាងត្បូង នឹងទទួលបានថវិកាចំនួន ៣១.៤ពាន់លានប៉េសូ។
គួរបញ្ជាក់ថា សំណើបង្កើនការចំណាយលើវិស័យការពារជាតិ ត្រូវបានដាក់ចេញចំពេលមានភាពតានតឹង រវាងហ្វីលីពីន និងចិនជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងថវិកា លោកស្រី Amenah Pangandaman ប្រាប់សមាជិកសភា ការចំណាយលើវិស័យការពារជាតិដែលបានគ្រោងទុកគឺ ដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីហ្វីលីពីន៕