(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន មានទំហំសរុប១.៧ពាន់លានដុល្លារ ដែលនឹងរួមបញ្ចូល នូវគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់សម្រាប់បាញ់ផ្លោង ក្នុងចំណោមសព្វាវុធជាច្រើនផ្សេងទៀត ស្របពេលកងកម្លាំងរបស់ទីក្រុងកៀវ កំពុងត្រូវការពួកវាជាចាំបាច់ ដើម្បីបន្តប្រឹងប្រែងប្រយុទ្ធប្រឆាំង ការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤។
កញ្ចប់ជំនួយសន្តិសុខថ្មីខាងលើ រួមមាន១.៥ពាន់លានដុល្លារ ដែលនឹងត្រូវប្រើពេលវេលាយូរ ដើម្បីផ្តល់ឱ្យទៅអ៊ុយក្រែន ក្រោមកម្មវិធី Ukraine Security Assistance Initiative (USAI) និង២០០លានដុល្លារ ដែលជាជំនួយយោធាអាចទៅដល់ដៃអ៊ុយក្រែនភ្លាមៗ ព្រោះសព្វាវុធទាំងនោះ នឹងត្រូវយកចេញពីឃ្លាំងមានស្រាប់របស់យោធាអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គម ដោយនិយាយថា រូបលោកអរគុណជាខ្លាំង ចំពោះប្រធានាធិបតី សភា ព្រមទាំងប្រជាជនអាមេរិក សម្រាប់ការបន្តជួយគាំទ្រប្រទេសរបស់លោក ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាម បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកយោធាដ៏សំខាន់បំផុត របស់អ៊ុយក្រែន ដោយបានប្តេជ្ញាផ្តល់ប្រព័ន្ធសព្វាវុធ និងគ្រាប់ផ្សេងៗ ព្រមទាំងជំនួយសន្តិសុខក្នុងទម្រង់ដទៃទៀត គិតជាទឹកប្រាក់ច្រើនជាង៥៥ពាន់លានដុល្លារ៕