(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយនៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងសន្តិសុខរវាងរុស្ស៉ីនិងកូរ៉េខាងជើង កំពុងបង្កអស្ថិរភាពក្នុងតំបន់ ហើយបានចោទថា កូរ៉េខាងជើងបន្តលួចផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ដោយរំលោភបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី Penny Wong បានធ្វើការអត្ថាធិប្បាយដូចខាងលើ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Paju បន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់តំបន់ Demilitarized Zone ឬ DMZ ដែលខណ្ឌចែកប្រទេសកូរ៉េទាំងពីរ។ ប្រមុខការទូតអូស្រ្តាលីរូបនេះ បានលើកឡើងដូច្នេះថា «យើងមើលឃើញ រុស្ស៉ីធ្វើសកម្មភាពក្នុងរបៀបមួយ ដែលមិនជាប្រយោជន៍ដល់ សន្តិភាពនោះឡើយ និងមានលក្ខណៈបង្កើនភាពតានតឹង»។
លោកស្រីចង់សំដៅលើ កិច្ចព្រមព្រៀងសន្តិសុខ ដែលត្រូវបានចុះហត្ថលេខារវាង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមិថុនា។ នៅក្រោមកិច្ចព្រមព្រៀងនោះ កូរ៉េខាងជើងនិងរុស្ស៉ី បានយល់ព្រមជួយផ្នែកយោធាដល់គ្នាទៅវិញទៅមក ប្រសិនភាគីណាមួយ ប្រឈមការឈ្លានពានប្រដាប់អាវុធ។ លោកស្រី Wong បានចោទថា ទីក្រុងព្យុងយ៉ាងបន្តលួចផ្គត់ផ្គង់សព្វាវុធឱ្យទៅរុស្ស៉ី ដែលនេះគឺជាទង្វើបំពានសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ UN។
គួរបញ្ជាក់ថា ថ្ងៃអង្គារនេះ លោកស្រីបានជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul ដើម្បីពិភាក្សាអំពីប្រធានបទ ពាក់ព័ន្ធកូរ៉េខាងជើង ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលសំដៅចូលរួមចំណែកដល់ សន្តិភាពនៅក្នុងតំបន់។ លោកស្រី Wong បានមកដល់ទីក្រុងសេអ៊ូល ក្រោយចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឡាវ ហើយនិងកិច្ចប្រជុំក្រុមប្រទេស Quad នៅទីក្រុងតូក្យូ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយសមភាគីមកពីសហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌា៕