(ញូវដែលី)៖ អាជ្ញាធរនៅប្រទេសឥណ្ឌា បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៤១នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀត បានទទួលរងរបួស ក្រោយហេតុការណ៍គ្រោះរអិលបាក់ដី ក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤។
អាជ្ញាធរសុខាភិបាលរដ្ឋ Kerala បាននិយាយថា មនុស្ស៤១នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស បន្ទាប់ពីគ្រោះរអិលបាក់ដី បានវាយប្រហារស្រុក Wayanad ហើយជាច្រើននាក់ផ្សេងទៀត ត្រូវគេជឿថា ប្រហែលនៅកប់ក្រោមល្បាប់ភក់ ឬក៏បានធ្លាក់ចូលទៅក្នុងទន្លេ Chaliyar។ ប្រតិបត្តិការជួយសង្រ្គោះ បានជួបឧបសគ្គ ដោយសារតែ ស្ពានសំខាន់មួយ ដែលតភ្ជាប់ទៅកាន់តំបន់រងការប៉ះពាល់ ត្រូវបានបំផ្លាញ។
គួរបញ្ជាក់ថា យោងតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមឥណ្ឌា ភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅរដ្ឋ Kerala ពេញមួយថ្ងៃអង្គារនេះ។ រដ្ឋមួយនេះ ងាយរងគ្រោះដោយសារការធ្លាក់ភ្លៀងខ្លាំង និងទឹកជំនន់។ តួយ៉ាង កាលពីឆ្នាំ២០១៨ មនុស្សជិត៤០០នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ នៅទីនោះ៕