(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នាថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់ បានឆក់យកជីវិតមនុស្ស ៤នាក់ ហើយបង្កឱ្យមានការជម្លៀសខ្លួន ប្រជាជនរាប់ពាន់នាក់ ចេញពីផ្ទះសម្បែង នៅខេត្ត Hunan ភាគខាងត្បូងប្រទេសចិន ដែលបានទទួលរងការធ្លាក់ភ្លៀងយ៉ាងជោគជាំ ដោយសារចំហាយសេសសល់ នៃព្យុះទីហ្វុង Gaemi។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងហិរញ្ញវត្ថុចិន បានកំណត់ថវិកាចំនួន២៣៨លានយាន់ ស្មើនឹង៣៣លានដុល្លារ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ និងជាជំនួយដល់វិស័យកសិកម្ម ដែលបានរងផលប៉ះពាក់ធ្ងន់គួរសម។ នៅស្រុក Zixing ស្ថានភាពអាកាសធាតុដ៏អាក្រក់នេះ បានជះផលប៉ះពាល់ដល់មនុស្សសរុបជិត ៩០,០០០នាក់ បង្កការខូចខាតលំនៅដ្ឋានប្រហែល១,៤០០នាក់ និងកាត់ផ្តាច់ផ្លូវថ្នល់ប្រមាណ ១,៣០០ខ្សែ។ ស្រុក Zixing បានទទួលរងភ្លៀងធ្លាក់ ក្នុងកម្រិតខ្លាំងមិនធ្លាប់ជួប តាំងតែពីថ្ងៃសុក្រសប្តាហ៍មុនមក។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន គ្រោះរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានផ្តាច់ជីវិតមនុស្ស១៥នាក់ នៅខេត្ត Hunan។ ការធ្លាក់ភ្លៀងយ៉ាងជោគជាំបែបនេះ ក៏បានកើតមាននៅខេត្តមួយយចំនួនផ្សេងទៀតផងដែរ ជាហេតុជំរុញឱ្យខេត្តទាំងនោះ ចេញការណែនាំឱ្យប្រុងប្រយ័ត្ន និងដំណើរការផែនការគ្រាអាសន្ន៕