(មូស្គូ)៖ កងទ័ពជើងទឹករុស្ស៉ី បានចាប់ផ្តើមធ្វើសមយុទ្ធតាមការគ្រោងទុក ដោយមានការចូលរួមពីកងកម្លាំងភាគច្រើនរបស់ខ្លួន ជាមួយនិងបុគ្គលិកយោធាចំនួន ២០,០០០នាក់ ព្រមទាំងនាវាប្រមាណ៣០០គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០២៤។
សមយុទ្ធនេះគឺជាការសាកល្បងសមត្ថភាព របស់បញ្ជាការដ្ឋានកងទ័ពជើងទឹក របស់កងនាវាចរណ៍ធំៗចំនួន៣ ក៏ដូចជាកងអង្គភាពប្រចាំសមុទ្រកាសព្យែន (Caspian Flotilla) ផងដែរ។ រុស្ស៉ីមានកងនាវាចរណ៍ធំៗសរុបចំនួន៤ និងកងអង្គភាពមួយចំនួនទៀត។ កងនាវាចរណ៍ភាគជើងរបស់រុស្ស៉ីប្រចាំនៅតំបន់អាទិក កងនាវាចរណ៍សមុទ្រប៉ាស៉ីហ្វិក កងនាវាចរណ៍សមុទ្របាល់ទិក ក៏ដូចជាកងអង្គភាពសមុទ្រកាសព្យែន នឹងចូលរួមក្នុងការហាត់សមធ្វើសមយុទ្ធនេះ។
គួរបញ្ជាក់ថា គិតចាប់តាំងពីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ២០២២មក រុស្ស៉ីបានធ្វើសមយុទ្ធយោធាជាច្រើនលើក ទាំងដោយខ្លួនឯង ឬជាមួយប្រទេសផ្សេងទៀត រួមទាំងចិន ឬអាហ្វ្រិកខាងត្បូង ជាដើម។ ក្នុងរយៈពេលពីរខែកន្លងមកនេះ រុស្ស៉ីក៏បានធ្វើសមយុទ្ធជាបន្តបន្ទាប់ ពាក់ព័ន្ធប្រព័ន្ធជើងទម្រងចល័តនៃមីស៉ីលនុយក្លេអ៊ែរ និងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅបេឡារុស ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន ជាមួយនិងការធ្វើសមយុទ្ធអាវុធប្រភេទនេះផងដែរ៕