(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ក៏ដូចជារដ្ឋមន្រ្តីការពារជាតិ លោក Lloyd Austin នៅថ្ងៃអង្គារនេះថា កិច្ចសហការជាប្រចាំរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៉ីនតោន គឺចាំបាច់ដើម្បីធានាឱ្យមានការឆ្លើយតបយ៉ាងលឿនរហ័ស ជុំវិញភាពតានតឹងដែនសមុទ្រនៃប្រទេសរបស់លោក ជាមួយចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ ២០២៤។
ការលើកឡើងរបស់លោក Marcos ធ្វើឡើងនៅពេលទទួលស្វាគមន៍ លោក Blinken និងលោក Austin នៅវិមាន Malacanang មុនកិច្ចប្រជុំផ្លូវការជាមួយសមភាគីហ្វីលីពីន ដែលជាកិច្ចប្រជុំលើកដំបូង និងដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។ លោក Marcos បញ្ជាក់ថា «ខ្ញុំរីករាយណាស់ ដែលបណ្តាញទំនាក់ទំនងទាំងនេះ មានលក្ខណៈបើកចំហរខ្លាំង ដូច្នេះអ្វីដែលយើងកំពុងធ្វើជាមួយគ្នា ក្នុងនាមសម្ព័ន្ធមិត្ត ក្នុងបរិបទជាក់ស្តែងនៃស្ថានភាព នៅសមុទ្រហ្វីលីពីនខាងលិច និងនៅឥណ្ឌូប៉ាស៉ីហ្វិក ដោយការពិនិត្យឡើងវិញជាបន្តបន្ទាប់នោះ នឹងធ្វើឱ្យយើងមានភាពរហ័សរហួន ក្នុងការឆ្លើយតបណាមួយ»។
បើតាម លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Blinken និងលោក Austin បានពិភាក្សាជាមួយ លោក Marcos អំពីការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់ច្បាប់អន្តរជាតិ នៅតំបន់សមុទ្រចិនខាងត្បូង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីន ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ក្រោមសន្ធិសញ្ញាសម្ព័ន្ធមិត្តអាមេរិក គេមើលឃើញថា ហ្វីលីពីន កាន់តែចេញមុខតតាំងនឹងវិវាទដែនសមុទ្រជាមួយចិន ប៉ុន្តែថ្មីៗនេះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នា ដើម្បីបន្ធូរបន្ថយភាពតានតឹង និងគ្រប់គ្រងភាពខ្វែងគំនិតគ្នា៕