(ហាណូយ)៖ អាជ្ញាធរ នៅក្នុងប្រទេសវៀតណាម បានឱ្យដឹងនៅថ្ងៃអង្គារ ទី៣០ ខែកក្កដានេះថាកម្មករអណ្ដូងរ៉ែធ្យូងថ្ម ៥នាក់បានស្លាប់ នៅក្នុងហេតុការណ៍បាក់រលំអណ្ដូងរ៉ែ មួយកន្លែងស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ គណៈកម្មាធិការប្រជាជនប្រចាំខេត្ត បានបញ្ជាក់ថាឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញ នៅឯអណ្ដូងរ៉ែធ្យូងថ្មមួយក្នុងខេត្ត Quang Ninh។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមវិញ ជនរងគ្រោះដែលបានស្លាប់គឺសុទ្ធតែជាមនុស្សប្រុសមានអាយុចន្លោះពី២៣ ដល់៤៧ឆ្នាំ និងជាកម្មករ ធ្វើការនៅឯអណ្ដូងរ៉ែធ្យូងថ្មរបស់ក្រុមហ៊ុនរដ្ឋ Vinacomin។
គួរបញ្ជាក់ថា មូលហេតុនៃការបាក់រលំអណ្ដូងរ៉ែធ្យូងថ្មខាងលើកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។ នៅវៀតណាម កាលពីខែមេសាកន្លងទៅ កម្មករអណ្ដូងរ៉ែធ្យូងថ្ម ៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងបួស ក្នុងហេតុការណ៍ផ្ទុះហ្គាសក្នុងអណ្ដូងរ៉ែមួយផ្សេងទៀតគ្រប់គ្រងដោយក្រុមហ៊ុន Vinacomin៕