(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា បានជំរុញឱ្យ NATO បណ្ដេញតួកគីចេញពីបក្សសម្ព័ន្ធយោធាមួយនេះ បន្ទាប់ពីលោកប្រធានាធិបតី Tayyip Erdogan បានគំរាមថាប្រទេសរបស់លោកអាចនឹងធ្វើអន្តរាគមន៍ចូលទៅក្នុងអ៉ីស្រាអែល ដូចដែលតួកគីធ្លាប់បានធ្វើនៅលីប៊ី និងតំបន់ Nagorno-Karabakh កាលពីអតីតកាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៉ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែការគំរាមរបស់ប្រធានាធិបតីតួកគី លោក Erdogan ថានឹងឈ្លានពាន អ៉ីស្រាអែល ព្រមទាំងវោហាសាស្ត្រដ៏គ្រោះថ្នាក់របស់គាត់ រដ្ឋមន្ត្រីការបរទេសលោក Israel Katz បានណែនាំឱ្យក្រុមមន្ត្រីការទូត...ធ្វើការទំនាក់ទំនងជាមួយជាសមាជិក NATO ផ្សេងទៀតទាំងអស់ ដើម្បីអំពាវនាវឱ្យមានការថ្កោលទោសតួកគី និងទាមទារឱ្យបណ្ដេញតួកគីចេញពីបក្សសម្ព័ន្ធយោធាមួយនេះ»

គួរបញ្ជាក់ថា លោក Erdogan ដែលបានចេញមុខរិះគន់សង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា បានលើកឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថាតួកគីអាចនឹងធ្វើអន្តរាគមន៍ ចូលអ៉ីស្រាអែល ដើម្បីការពារប្រជាជនប៉ាឡេស្ទីន ដូចដែលតួកគីធ្លាប់បានចូលទៅក្នុងតំបន់ Karabakh និងប្រទេសលីប៊ីដែរ។ តែលោកមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជា អន្តរាគមន៍របស់តួកគីនោះទេ។ ជុំវិញការគំរាមនេះដែរ លោក Israel Katz បានចោទថាលោក Erdogan កំពុងដើរតាមជំហានរបស់អតីតមេដឹកនាំអ៉ីរ៉ាក់ Saddam Hussein ជាមួយការគំរាមវាយប្រហារលើអ៉ីស្រាអែល ហើយថាលោក Erdogan មិនត្រូវភ្លេចនោះទេចំពោះអ្វីដែលបានកើតឡើងលើអតីតមេដឹកនាំអ៉ីរ៉ាក់រូបនេះដែលត្រូវបានគេ កាត់ទោសប្រហារជីវិតដោយព្យួរក៕