(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដាថាលោកបានធ្វើដំណើរទៅកាន់សមរភូមិមុខក្នុងទីក្រុង Vovchansk នៃតំបន់ Kharkiv ភាគឦសានប្រទេស ស្ថិតនៅក្បែរព្រំដែនរុស្ស៉ី ជាទីដែលកងកម្លាំងរបស់ទីក្រុងមូស្គូបាន និងកំពុងព្យាយាមវាយទម្លុះខ្សែការពាររបស់ កងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពរុស្ស៉ី បានបើកសមរភូមិថ្មីមួយនៅភាគខាងជើងនៃតំបន់ Kharkiv កាលពីខែឧសភាកន្លងទៅ ដោយវាយបើកផ្លូវបានជម្រៅ១០គីឡូម៉ែត្រ។ ប៉ុន្តែ កងទ័ពអ៊ុយក្រែន អះអាងថាបានបង្អាក់ការវាយរុលទៅមុខរបស់កងទ័ពរុស្ស៉ី ឆ្ពោះទៅកាន់ទីក្រុង Vovchansk។ នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ហ្សេលេនស្គី បានបំពាក់មេដាយកិត្តយសដល់កងទ័ព និងបានចាប់ដៃស្វាគមន៍ ហើយលោកក៏បានបញ្ជាក់ដែរថាទីក្រុងកៀវបានពង្រឹងរួចរាល់ហើយនូវប្រព័ន្ធការពារដែនអាកាសក្នុង តំបន់ Kharkiv ជាពិសេសនៅតាមទីតាំងដែលរងការវាយប្រហារតាមផ្លូវអាកាសជាញឹកញាប់ពីរុស្ស៉ី។
គួរបញ្ជាក់ថា អ៊ុយក្រែន បច្ចុប្បន្ន កំពុងទទូចឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេស សហរដ្ឋអាមេរិក ដកចេញនូវការរឹតត្បិតក្នុងការប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិច ដើម្បីវាយប្រហារលើគោលដៅយោធាក្នុងទឹកដីរុស្ស៉ី ដែលត្រូវបានកងទ័ពរុស្ស៉ីប្រើប្រាស់ជាមូលដ្ឋានវាយប្រហារលើអ៊ុយក្រែន៕