(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាន និងកំពុងដឹកនាំបេសកកម្មការទូតមួយយ៉ាងប្រញាប់ប្រញាល់ ដើម្បីទប់ស្កាត់កុំឱ្យអ៉ីស្រាអែលបើកការវាយប្រហារលើ រដ្ឋធានីបេរូត ឬហេដា្ឋរចនាសម្ព័ន្ធស៊ីវិលសំខាន់ៗណាមួយក្នុងប្រទេសលីបង់ ជាការសងសឹកទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះផ្អែកលើប្រភពពីមន្ត្រីលីបង់ អ៉ីរ៉ង់ មជ្ឈិមបូព៌ា និងមន្ត្រីការទូតអឺរ៉ុប ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះ។ តាមក្រុមមន្ត្រីទាំងនេះ ទីក្រុងវ៉ាស៊ីនតោនបានប្រញាប់ប្រញាល់បញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាលីបង់ បន្ទាប់ពី រ៉ុក្កែតមួយគ្រាប់ធ្លាក់ចំទីលានបាល់ទាត់មួយ ក្នុងតំបន់ Golan Heights កាន់កាប់ដោយអ៉ីស្រាអែលសម្លាប់មនុស្ស១២នាក់ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានចោទប្រកាន់ថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើតំបន់ Golan Heights គឺជាស្នាដៃរបស់ក្រុមហេសបូឡា ប៉ុន្តែ ហេសបូឡា បានប្រកែកថាខ្លួនមិនមែនជាអ្នកនៅពីក្រោយការវាយប្រហារនេះនោះទេ។ ក្រុមមន្ត្រីខាងលើដដែលបានប្រាប់ Reuters ថាបេសកកម្មការទូត កំពុងផ្តោតលើការទប់ស្កាត់កុំឱ្យអ៉ីស្រាអែលបើកការវាយប្រហារលើទីប្រជុំជននៃទីក្រុងបេរូត ឬតំបន់ភាគខាងត្បូងនៃជាយទីក្រុងមួយនេះដែលជាមូលដ្ឋាន របស់ក្រុមហេសបូឡា ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាអាកាសយានដ្ឋាន ឬស្ពានជាដើម។
គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៉ីស្រាអែល បាននិយាយថាប្រទេសរបស់ពួកគេត្រូវតែឱ្យហេសបូឡាសងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម តែក៏មិនចង់ឱ្យសង្រ្គាម ក្នុងតំបន់ទាំងមូលផ្ទុះឡើងនោះដែរ។ ក៏ប៉ុន្តែ ប្រភពពីមន្ត្រីមជ្ឈិមបូព៌ា និងអឺរ៉ុបដែល Reuters ទទួលបាន បាននិយាយថាអ៉ីស្រាអែលមិនបានធ្វើការប្ដេជ្ញាចិត្ត ណាមួយថានឹងចៀសវាងការវាយប្រហារលើរដ្ឋធានីបេរូត ឬតំបន់ជាយក្រុង ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះឡើយ។
ចំណែក ខាងសេតវិមានឯណោះវិញ តាមរយៈអ្នកនាំពាក្យ លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថាអ៉ីស្រាអែលមានសិទ្ធិពេញលេញក្នុងការចាត់ វិធានការឆ្លើយតបទៅនឹងការវាយប្រហារលើតំបន់ Golan strike តែបានបញ្ជាក់ឡើងវិញដែរថាគ្មាននរណាម្នាក់ចង់ឃើញសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងទេ៕