(ឡុងដ៍)៖ មនុស្សចំនួន ៨នាក់ បានរងរបួសដោយសារការវាយប្រហារ ដោយកាំបិតនៅទីក្រុង Southport ក្នុងតំបន់ Merseyside ភាគពាយ័ព្យប្រទេសអង់គ្លេស កាលពីថ្ងៃច័ន្ទ ទី២៩ ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ការវាយប្រហារនេះ បានកើតឡើងនៅវេលាម៉ោង ១១:៥០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅតាមផ្លូវ Hart Street ហើយជនសង្ស័យត្រូវបានឃាត់ខ្លួន និងដកហូតអាវុធ។
សេវារថយន្តសង្គ្រោះបន្ទាន់បានបញ្ជាក់ថា ជនរងគ្រោះទាំង៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ប៉ូលីសក្នុងតំបន់បានប្រកាសថា ការចាក់នេះជា «ឧប្បត្តិហេតុធំ» ហើយការស៊ើបអង្កេតពាក់ព័ន្ធកំពុងដំណើរការ។
សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា ជនរងគ្រោះមួយចំនួនមានសភាពធ្ងន់ធ្ងរ ប៉ុន្តែមិនមានព័ត៌មានបន្ថែមអំពីស្ថានភាពជនរងគ្រោះនៅឡើយទេ៕