(វ៉ាស៊ីនតោន)៖ ត្រឡប់ទៅកាលពីខែឧសភាកន្លងទៅ លោក Amos Hochstein ជាបេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទទួលបន្ទុកដោះស្រាយភាពតានតឹងរវាង អ៉ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) មានមូលដ្ឋានក្នុងប្រទេសលីបង់ បាននិយាយថាអ្វីដែលលោកព្រួយបារម្ភជារៀលរាល់ថ្ងៃ នោះគឺការគិតខុស ឬការវាយប្រហារដោយចៃដន្យ ត្រូវចំរថយន្ដក្រុងមួយគ្រឿងដឹកពេញដោយកុមារ ឬក៏ចំគោលដៅស៊ីវិលណាមួយ អាចនឹងបង្ខំឱ្យប្រទេសមួយចាត់វិធានការសងសឹកក្នុងទិសដៅដែលអាចនឹងរុញឱ្យពួកយើងធ្លាក់ចូលក្នុង ភ្លើងសង្រ្គាម។ បើទោះជាភាគីទាំងសងខាងមិនចង់ ឬយល់យ៉ាងច្បាស់ថាសង្រ្គាមទ្រង់ទ្រាយធំ ឬក៏សង្រ្គាមក្នុងតំបន់ទាំងមូលមិនមែនជាប្រយោជន៍របស់ពួកគេក៏ដោយ។
ការព្រួយបារម្ភរបស់លោក Hochstein ហាក់លេចចេញជារូបរាង កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា នៅពេលដែលគ្រាប់រ៉ុក្កែតមួយគ្រាប់ធ្លាក់ត្រូវចំទីលានបាល់ទាត់មួយកន្លែង ក្នុងទីក្រុង Majdal Shams នៃតំបន់ Golan Heights គ្រប់គ្រងដោយអ៉ីស្រាអែល។ យោធាអ៉ីស្រាអែលបានអះអាងថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែលបានសម្លាប់មនុស្ស ១២នាក់ មានអាយុចន្លោះពី១០ ដល់១៦ឆ្នាំ គឺជាស្នាដៃរបស់ក្រុម Hezbollah ដោយបានបាញ់គ្រាប់រ៉ុក្កែតចេញពីទីក្រុង Shebaa ភាគខាងត្បូងលីបង់។ Hezbollah បានច្រានចោលការចោទប្រកាន់បែបនេះ តែរដ្ឋាភិបាលអ៉ីស្រាអែលបានគំរាមថានឹងសងសឹកវិញឱ្យចាស់ដៃ និងថា Hezbollah បានឆ្លងបន្ទាត់ក្រហមហើយ។ ដូច្នេះតើការព្រួយបារម្ភរបស់លោក Hochstein ពីហានិភ័យនៃសង្រ្គាម ទ្រង់ទ្រាយធំអាចនឹងក្លាយជាការពិតដែរ ឬក៏យ៉ាងណា?
ប្រសិនបើគេពិនិត្យលើពាក្យពេចន៍របស់រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz នោះគឺសង្រ្គាមទ្រង់ទ្រាយធំអាចនឹងកើតឡើង។ «យើងកំពុងខិតកាន់តែកៀកនឹងពេលវេលានៃ សង្រ្គាមពេញទំហឹងមួយជាមួយក្រុម Hezbollah...ការឆ្លើយតបនឹងត្រូវធ្វើឡើងយ៉ាងសមស្រប»។ នេះជាការគូសបញ្ជាក់ពីលោក Israel Katz ក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ កាលពី លា្ងចថ្ងៃទី២៧ ខែកក្កដា ខណៈសហរដ្ឋអាមេរិកក៏មើលទៅហាក់ដូចជាបានបើកភ្លើងបៃតងឱ្យអ៉ីស្រាអែលសងសឹកវិញក្នុងកម្រិតណាមួយដែរ បើទោះជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បញ្ជាក់ថាសហរដ្ឋអាមេរិកមិនចង់ឃើញជម្លោះផ្ទុះរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំក៏ដោយ។ លោក Blinken បាននិយាយថា «យើងគាំទ្រសិទ្ធិរបស់អ៉ីស្រាអែល ដើម្បី ការពារពលរដ្ឋរបស់ខ្លួនពីការវាយប្រហារភេរវកម្ម»។
ដោយឡែក អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett បានប្រាប់ CNN ថាមកទល់នឹងពេលនេះ ការឆ្លើយតបនៅមានលក្ខណៈធូរស្រាល តែការវាយប្រហារតាមផ្លូវអាកាសបន្ថែម នឹងត្រូវធ្វើឡើង។ លោក Bennett បន្ថែមថា «មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ការវាយប្រហារទាំងអស់នេះ មធ្យោបាយតែមួយគត់ដើម្បីកំញើញសត្រូវកុំឱ្យផ្គើនវាយប្រហារលើពួកយើង នោះគឺសងសឹក និងវាយប្រហារលើពួកគេវិញ»។ សហគមន៍អន្តរជាតិ ជាពិសេស អាមេរិកបានព្យាយាមជាច្រើនខែមកហើយក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុម Hezbollah ជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ និងត្រូវបានគេចាត់ទុកថាជាចលនាប្រដាប់អាវុធមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលមានមីស៊ីល និងគ្រាប់រ៉ុក្កែតយ៉ាងហោច ១៥០ ០០០គ្រាប់ នៅក្នុងឃ្លាំង។ បើតាមក្រុមអ្នកជំនាញយោធា ប្រសិនបើសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើង លីបង់នឹងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ តែអ៉ីស្រាអែលក៏អាចនឹងរបួសធ្ងន់ដូចគ្នាដែរ។ លោក Aaron David Miller ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Carnegie Endowment for International Peace ក្នុងទីក្រុងវ៉ាស៊ីនតោនយល់ថាផ្អែកលើស្ថានការណ៍សព្វថ្ងៃ វាអាចទៅរួចថាស្ថានភាពមួយ ដែលយើងមិនធ្លាប់បានឃើញពីមុនមក កើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា នោះគឺ «សង្រ្គាមទ្រង់ទ្រាយធំដែលអាចផ្ទុះឡើងក្នុងតំបន់ឈូងសមុទ្រពែក្ស និងហានិភ័យនៃការប្រឈមមុខដាក់គ្នា ដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់»។
ពិតមែនទៅ ក្រុមអ្នកជំនាញជាច្រើនយល់ថាទាំងអ៉ីស្រាអែល និងក្រុម Hezbollah រួមទាំងអ៉ីរ៉ង់ សុទ្ធតែមិនចង់ឃើញសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងឡើយ ដោយពួកគេបានថយម្នាក់មួយជំហាន ជានិច្ច ក្នុងរយៈពេលជិត១០ខែ នៃសង្រ្គាមហ្កាហ្សាមកនេះ។ ជាឧទាហរណ៍ កាលពីខែមករា អ៉ីស្រាអែលបានបញ្ជាដ្រូនសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស ក្នុងទីក្រុង Beirut តែមិនរាលដាលទៅជាសង្រ្គាមទាំងស្រុងទេ។ កាលពីខែមេសា អ៉ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្នុងជួរកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី។ ជាការតបត អ៉ីរ៉ង់បានវាយប្រហារតាមផ្លូវអាកាសមិនធ្លាប់មានដោយផ្ទាល់លើអ៉ីស្រាអែល តែសង្រ្គាមក៏មិនបានផ្ទុះឡើងដែរ។ ម្យ៉ាងវិញទៀត អ្នកដែលមិនចង់ឃើញសង្រ្គាមផ្ទុះជាងគេ គឺសហរដ្ឋអាមេរិក ដែលភ័យខ្លាចថាសង្រ្គាមតំបន់មជ្ឈិមបូព៌ាទាំងមូលអាចនឹងប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងអាចទាញសហរដ្ឋអាមេរិកចូលក្នុងសង្រ្គាមធំមួយ ហើយដែលសង្រ្គាមបែបនេះមានតែផ្ដល់ផលចំណេញដល់រុស្ស៉ី និងចិនតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ សង្រ្គាមមិនចេះតែអាចបញ្ចៀសបានគ្រប់ពេលនោះទេ។ តួយ៉ាង ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយមួយភាគធំនៃតំបន់ភាគខាងជើង អ៉ីស្រាអែលប្រៀបដូចជាទីក្រុងខ្មោចទៅហើយ។ ស្ថានការណ៍ស្រដៀងគ្នានេះក៏កើតមាននៅភាគខាងត្បូងលីបង់ដែរ។ លោក Blinken បាននិយាយថាមធ្យោបាយដ៏ល្អបំផុត ដើម្បីបញ្ចៀស សង្រ្គាមពេញទំហឹងរវាងអ៉ីស្រាអែល និង Hezbollah នោះគឺសម្រេចឱ្យបាននូវបទឈប់បាញ់សម្រាប់សង្រ្គាមហ្កាហ្សា ក្នុងបរិបទដែលកិច្ចពិភាក្សាពីបទឈប់បាញ់នេះបានចាប់ផ្តើមឡើងវិញ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា។ តែធាតុពិតជាក់ស្ដែង បទឈប់បាញ់ហ្កាហ្សាគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះ។ ពីព្រោះអ៉ីស្រាអែលមានបំណងបោសសម្អាត ការគំរាមកំហែងពីក្រុម Hezbollah ទាំងស្រុងចេញពីតំបន់ព្រំដែនរបស់ខ្លួន។ «ប្រសិនបើពិភពលោកមិនយក Hezbollah ចេញពីតំបន់ព្រំដែនទេ នោះអ៉ីស្រាអែលនឹងធ្វើវាដោយខ្លួនឯង»។ នេះការពាក្យសម្ដីចេញពីមាត់រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant កាលពីខែធ្នូ ឆ្នាំ២០២៤។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ទោះជាមានការបាញ់ផ្លោងដាក់គ្នាក៏ពិតមែន តែដោយសារតែសម្ពាធនៅក្នុងស្រុក ការវាយប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និង Hezbollah អាចនឹងបន្តកើតឡើង ដូចជាទឹកក្ដៅ តែវាក៏មិនក្ដៅដូចជាទឹកពុះនោះដែរ ដ្បិតគ្មាននរណាម្នាក់ចង់ឃើញសង្រ្គាមនេះផ្ទុះឡើងទេ។ ប៉ុន្តែ ដូចដែលលោក Hochstein បានព្រមាន «សង្រ្គាមបានចាប់ផ្ដើមផ្ទុះឡើងនៅជុំវិញពិភពលោក ទោះជាក្នុងពេលដែលពួកមេដឹកនាំមិនចង់ក៏ដោយ នោះក៏ព្រោះតែពួកគេគ្មានជម្រើស»៕