(ហ្គាហ្សា)៖ កិច្ចប្រឹងប្រែងមួយដែលប្រធានាធិបតីអាមេរិកលោកចូបៃដិន កំពុងតែសម្រុកកសាងស្នាដៃ នៅមុនការលាលែងចេញពីឆាកនយោបាយ កំពុងប្រឈមមុខនឹងហានិភ័យមួយផ្សេងទៀត ដែលបារម្ភខ្លាចក្រែងផ្ទុះសង្គ្រាមទ្រង់ទ្រាយធំរវាងអ៊ីស្រាអែលនឹងលីបង់។

បំណងចុងក្រោយមួយរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅមុនការចូលនិវត្តន៍នយោ បាយនោះ គឺការចង់បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ប៉ុន្តែអំពើបាញ់ប្រហារដោយគ្រាប់រ៉ុក្កែត ចេញពីព្រំដែននៃប្រទេសលីបង់ កំពុងតែបារម្ភថានឹងនាំឱ្យមានផ្ទុះសង្គ្រាមថ្មីរវាងប្រទេស លីបង់និងអ៊ីស្រាអែល ខណៈសង្គ្រាមនៅហ្គាហ្សាកំពុងតែបន្តអូសបន្លាយថែមទៀតនេះ។

មន្ត្រីទីប្រឹក្សាពិសេសម្នាក់របស់លោកប្រធានាធិបតីចូបៃដិន គឺលោក Amos Hochstein ធ្លាប់ បាននិយាយបង្ហាញក្តីព្រួយនូវស្ថានការណ៍ផុយស្រួយមួយ ដែលអាចជម្រុញឱ្យប្រទេសអ៊ី ស្រាអែលនិងក្រុមហេសបូឡានៅប្រទេសលីបង់ ធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមមួយនៅក្នុងតំបន់។ លោក Amos Hochstein បាននិយាយកាលពីខែឧសភាឆ្នាំ២០២៤ថា «អ្វីដែលខ្ញុំព្រួយបារម្ភជារៀងរាល់ថ្ងៃ គឺខ្លាចក្រែងមានការគណនាខុស ឬគ្រោះថ្នាក់ណាមួយអាចនឹងកើតឡើង…ដូច ជាអំពើវាយប្រហារដាក់លើរថយន្តដែលដឹកសិស្សសាលាពេញនៅលើនោះ ឬការវាយប្រហារ ណាមួយដែលមានគោលដៅដាក់លើពលរដ្ឋស៊ីវិល ដែលព្រឹត្តិការណ៍ទាំងនោះ នឹងជំរុញឲ្យប្រព័ន្ធនយោបាយក្នុងប្រទេសណាមួយនៃប្រទេសទាំងពីរនឹងធ្វើការសងសឹកដាក់គ្នា ហើយ ព្រឹត្តិការណ៍នោះ អាចនឹងនាំឱ្យប្រទេសទាំង២ធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមពេញទំហឹង បើទោះ បីជាប្រទេសទាំងពីរសុទ្ធតែបានដឹងរៀងៗខ្លួនថា គេមិនចង់ឱ្យប្រទេសធ្លាក់ចូលជ្រៅនៃវិបត្តិ សង្គ្រាមក៏ដោយ។

ហើយព្រឹត្តិការណ៍កើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ទី២៧កក្កដាដែលស្មើនឹងអ្វីធ្លាប់ប្រៀបធៀប បារម្ភលើការវាយប្រហារដាក់លើសិស្សសាលានៅលើរថយន្តនោះ ស្រាប់តែកើតឡើងមាន មកមែនក្នុងតំបន់ Golan Heights ដែលអ៊ីស្រាអែលបានគ្រប់គ្រង។

គ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលអ៊ីស្រាអែលនិយាយថា ត្រូវបានបាញ់ដោយក្រុមហេសបូឡាចេញ ពីទីក្រុង Shebaa ភាគខាងត្បូងប្រទេសលីបង់ បានធ្លាក់ចូលទៅក្នុងទីលានបាល់ទាត់ ក្នុង ទីក្រុង Druze នៃសង្កាត់ Majdal Shams ។ សិស្សសាលាចំនួន១២នាក់ដែលមានអាយុពី ១០ទៅ១៦ឆ្នាំ ត្រូវបានគ្រាប់រ៉ុក្កែតនោះសម្លាប់ ខណៈពេលពួកគេកំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយ។ ក្រុមHezbollah បានប្រញាប់បដិសេធមិនទទួលខុសត្រូវចំពោះការវាយ ប្រហារសម្លាប់កុមារលើទឹកដីអ៊ីស្រាអេលនេះឡើយ។ តើការភ័យខ្លាចរបស់លោក Hochstein ចំពោះសង្គ្រាមទ្រង់ទ្រាយធំ បានមកដល់ពិតមែនដែរឬទេ?

សេចក្តីរាយការណ៍បង្ហាញថានៅថ្ងៃសៅរ៍ទី២៧កក្កដានោះ មានគ្រាប់បាញ់យ៉ាងហោចចំនួន ៣០ចេញមកពីប្រទេសលីបង់ចូលមកក្នុងទឹកដីអ៊ីស្រាអែល ក្នុងនោះក្រុមហេសបូឡាបាន និយាយបញ្ជាក់លើការបាញ់របស់ពួកគេដាក់មកលើតំបន់ Golan Heights ផងដែរ ប៉ុន្តែថាមិន បានបាញ់ដាក់មកលើកុមារដែលកំពុងហ្វឹកហាត់បាល់ទាត់ក្នុងពេលនោះឡើយ។

ក្រៅពីមានសិស្សសាលា១២ នាក់បានស្លាប់ មនុស្ស៤៤នាក់ដទៃទៀតបានរងរបួសក្នុងហេតុ ការណ៍វាយប្រហារដោយអំពើអមិត្តបាញ់ឆ្លងព្រំដែនចូលមកក្នុងទឹកដីអ៊ីស្រាអែលនោះ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើក្នុងចំណោមគ្រាប់បាញ់យ៉ាងហោច៣០គ្រាប់នោះ ជា អំពើរបស់ក្រុមសកម្មជនអ៊ីស្លាមផ្សេងណាទៀតឡើយ។

រដ្ឋមន្ត្រីការបរទេសលីបង់លោក Abdallah Bou Habib បានប្រាប់ទូរទស្សន៍ស៊ីអិនអិនថា ការ វាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល មិនមែនមានតែត្រឹមក្រុមហេសបូឡាប៉ុណ្ណោះទេ, គេនៅមានក្រុម Houthi, មានក្រុមសេនាជនអ៊ីរ៉ាក់, មានក្រុមសេនាជនក្នុងប្រទេសស៊ីរី ដែលមិនមែនជាជនជាតិស៊ិរី ដូចជាជនជាតិសេនាជនប៉ាគីស្ថាននិងក្រុមសេនាជនអាប់កានីស្ថានជាដើម ដែលសុទ្ធតែជាក្រុមប្រឆាំងនឹងអ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសលីបង់ បានអំពាវនាវឱ្យមាន ការស៊ើបអង្កេតជាអន្តរជាតិថែមទៀតដើម្បីចង់ដឹងថាតើការបាញ់នោះ គឺទង្វើរបស់ក្រុមណា មួយដោយពិតប្រាកដនោះ។
យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលលោក Israel Katz គេគ្មានសង្ស័យអ្វីឡើយថាជា អំពើរបស់ក្រុមហេសបូឡានិងព្រមានថា វានឹងកើតឡើងជាសង្គ្រាមទ្រង់ទ្រាយធំដាក់ទៅលើ ក្រុមហេសបូឡាក្នុងប្រទេសលីបង់។

រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានថ្លែងថាប្រសិន បើមានសង្គ្រាម ផ្ទុះឡើងមែន ប្រទេសលីបង់ដែលមិនជាប់ទាក់ទងនោះ ត្រូវតែឈរគាំទ្រ ក្រុម ហេសបូឡា។
លោក Israel Katz បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍អ៊ីស្រាអែលមួយកាល ពីល្ងាចថ្ងៃសៅរ៍ទី២៧កក្កដាថា «យើងកំពុងតែខិតជិតការមកដល់ពេលធ្វើសង្រ្គាមដ៏ពេញ លេញប្រឆាំងនឹងក្រុម Hezbollahហើយ» ។ លោកថ្លែងបន្តថាអ៊ីស្រាអែលនឹងធ្វើការឆ្លើយតប ទៅវិញចំពោះព្រឹត្តិការណ៍កើតឡើងការបាញ់សម្លាប់កូនសិស្សលើទឹកដីអ៊ីស្រាអែលនេះ។

សហរដ្ឋអាមេរិកមិនបានប្រឆាំងចំពោះសម្តីនិយាយវាយប្រហារសងសឹកនេះឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានថ្លែងថា៖ «យើងឈរលើសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារពលរដ្ឋរបស់ខ្លួនជុំវិញការវាយប្រហារដោយអំពើភេរវកម្មនេះ»។ ប៉ុន្តែលោកបានប្រញាប់បន្ថែមពាក្យបន្តមកថាសហរដ្ឋអាមេរិក មិនចង់ឃើញទំនាស់កាន់តែ កើនឡើងនោះឡើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានថ្លែងនៅថ្ងៃអាទិត្យទី២៨កក្កដាប្តេជ្ញា ថានឹងវាយប្រហារដាក់លើសត្រូវវិញឱ្យបានខ្លាំងក្លា ដែលសម្តីប្តេជ្ញាចិត្តទាំងរដ្ឋមន្ត្រីការបរ ទេសនិងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលទាំង២រូបនោះ បាននាំឱ្យមានក្តីបារម្ភខ្លាចក្រែង សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ានឹងកាន់តែរាលដាលចូលមកក្នុងតំបន់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេថាន់យ៉ាហ៊ូ បានប្រញាប់កាត់បន្ថយពេល វេលាធ្វើទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក ដោយវិលត្រឡប់មកប្រទេសអ៊ីស្រាអែលវិញ ជាមួយការប្តេជ្ញាចិត្តថាក្រុមហេសបូឡា«ត្រូវតែសងមកវិញនូវតម្លៃបង់ខាតយ៉ាងធ្ងន់ធ្ងរ»។ លោកណេថាន់យ៉ាហ៊ូ បានប្រញាប់កោះប្រជុំខុទ្ទកាល័យសន្តិសុខផ្ទៃក្នុងរបស់អ៊ីស្រាអែល ភ្លាមដើម្បីការសម្រេចចិត្តថាតើត្រូវធ្វើយ៉ាងណាដើម្បីឆ្លើយតបចំពោះក្រុមហេសបូឡាវិញ សម្រាប់ពេលវេលានៅថ្មីៗនេះ។
ប្រទេសអ៊ីរ៉ង់នៅជាមួយគ្នានេះ បានព្រមានតបមកវិញថាការផ្សងព្រេងធ្វើសង្គ្រាមណាមួយ របស់អ៊ីស្រាអែលដាក់មកលើទឹកដីលីបង់ នឹងអាចនាំឱ្យមានផលវិបាកដែលគេមិនអាចទាយ ទុកបានឡើយ។

ប្រទេសលីបង់និងអ៊ីស្រាអែលធ្លាប់មានសង្គ្រាមរវាងគ្នាក្នុងឆ្នាំ២០០៦។ សង្គ្រាមនាពេលនោះ បានបំផ្លាញប្រទេសលីបង់ជាច្រើន។ ក្នុងសង្គ្រាមដែលមានរយៈពេល៣៤ថ្ងៃនាពេលនោះ ក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ុក្កែតដាក់ចូលក្នុងទឹកដីអ៊ីស្រាអែលប្រមាណ៤ពាន់គ្រាប់ ដែលស្មើនឹង១១៧គ្រាប់ក្នុងមួយថ្ងៃ។ រដ្ឋមន្ត្រីការបរទេសលីបង់ បានព្រមានថាបើសិនជាមាន សង្គ្រាមថ្មីក្នុងពេលនោះ មិនមែនតែត្រឹមប្រទេសលីបង់ប៉ុណ្ណោះទេដែលនឹងខូចខាត លោកថា អ៊ីស្រាអែលគង់នឹងត្រូវរងធ្ងន់ធ្ងរជាមិនខានដែរឡើយ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូទែ័រ៉េសបានថ្លែងថ្កោលទោសចំ ពោះការបាញ់គ្រាប់រ៉ុក្កែតសម្លាប់សិស្សសាលាលើទឹកដីអ៊ីស្រាអែល ប៉ុន្តែបានប្រញាប់អំពាវនាវឱ្យភាគី ទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមា។

ប្រទេសអ៊ីស្រាអែលបានចាត់ទុកការបាញ់ប្រហារដាក់លើសិស្សសាលាទាំងនោះ បើទោះបីជា ពួកគេមិនមែនជាកុមារដែលមានសញ្ជាតិអ៊ីស្រាអែលក៏ដោយ វាគឺជាព្រឹត្តិការណ៍មហាប្រល័យ ដ៏ធំបំផុតដាក់លើពលរដ្ឋស្លូតត្រង់លើទឹកដីអ៊ីស្រាអែលលើកដំបូងបន្ទាប់ពីព្រឹត្តិការណ៍ ថ្ងៃ៧ តុលាឆ្នាំ២០២៣កន្លងមកនោះ ដែលជំរុញឱ្យអ៊ីស្រាអែលបានប្រកាសសង្គ្រាមដាក់ទៅ លើតំបន់ហ្គាហ្សា។ ពិធីបុណ្យសពដល់សិស្សសាលាទាំង១២ ត្រូវបានគេធ្វើនៅថ្ងៃអាទិត្យទី២៨ កក្កដាដែលក្នុងពិធីនោះកាន់តែជំរុញកំសួលប្រជាជនជំរុញឱ្យរដ្ឋាភិបាលក្រុងតែលអាវីវត្រូវ ធ្វើការវាយប្រហារសងសឹកដាច់ខាត ដាក់លើ សត្រូវដែលសម្លាប់កុមារស្លូតត្រង់ទាំងឡាយ នោះ។ មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បានថ្លែងក្នុងពិធីនោះថា «កុមារ ទាំងឡាយដែលបានស្លាប់លើតារាងបាល់ទាត់ គឺដូចជាកូនៗរបស់យើង។ ដូច្នេះ ពួកគេគឺជា កូនៗរបស់យើងទាំងអស់គ្នាហើយ»

ក្នុងការវាយប្រហារសងសឹកភ្លាមៗវិញមួយ យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានវាយប្រ ហារចូលជ្រៅលើទឹកដីលីបង់នៅយប់ថ្ងៃអាទិត្យទី២៨កក្កដាដោយអ៊ីស្រាអែលបញ្ជាក់ថាបាន បាញ់ដាក់លើគោលដៅក្រុមហេសបូឡា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ភ្លាមៗឱ្យដឹងថា តើការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនោះ បានបង្កនូវទំហំខូចខាតឬការបាត់បង់ជីវិត មនុស្សប៉ុន្មាននាក់ឡើយ។ ការវាយប្រហារសងសឹកត្រូវគេរំពឹងថានឹងមានជាបន្តបន្ទាប់ថែមទៀត ខណៈកងកម្លាំងហេសបូឡាដែលមានរ៉ុក្កែតនិងមីស៊ីលប្រមាណ១៥ម៉ឺនគ្រាប់ ក៏ត្រូវគេ រាយការណ៍ថាបានត្រៀមលក្ខណៈប្រយុទ្ធរបស់ខ្លួនផងដែរប្រឆាំងនឹងអ៊ីស្រាអែល។

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានបង្កើនសម្ពាធនយោបាយកាន់តែ ខ្លាំងដាក់ទៅលើរដ្ឋបាលអ៊ីស្រាអែលបច្ចុប្បន្ន។

លោក Naftali Bennett បានប្រាប់បណ្តាញសារព័ត៌មានថាគេ « ធុញទ្រាន់នឹងវោហាសាស្ត្រ ខ្ពស់ៗ និងពាក្យសំដីគ្មានបានការជាមួយការធ្វើសកម្មដ៏ទន់ខ្សោយ» របស់លោកនាយករដ្ឋ មន្ត្រីណេថាន់យ៉ាហ៊ូ។ លោក Naftali Bennett និយាយថា «មធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់អ្វីៗទាំងអស់នេះបាន… គឺត្រូវវាយប្រហារបកទៅលើពួកគេវិញ និងគ្មានវិធីណាផ្សេង ពីនោះទៀតបានឡើយ»

ប្រធានគ្រប់គ្រងបណ្តាញការផ្សព្វផ្សាយរបស់ក្រុមហេសបូឡាលោកMohammad Afif បាន ប្រាប់បណ្តាញសារព័ត៌មានថាកម្លាំងសកម្មជនប្រយុទ្ធឥស្លាមបានស្ថិតក្នុងស្ថានភាពចល័ត និងបានដកចេញនូវទីតាំងយោធាខ្លះរបស់ខ្លួនបន្ទាប់ពីមានអំពើគំរាមកំហែងពីអ៊ីស្រាអែលនោះមក។ លោកMohammad Afif បាននិយាយថាការចល័តកម្លាំងនិងការដកទីតាំងយោធា ពីទីនេះឬទីនោះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាម។

ជាច្រើនខែមកហើយ សហគមន៍អន្តរជាតិបានព្យាយាមណាស់ក្នុងការរកវិធីយ៉ាងណាដើម្បី ជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាក្រុមមានការគាំទ្រ ពីប្រទេសអ៊ីរ៉ង់។ ប្រសិនណាបើសង្គ្រាមរវាងអ៊ីស្រាអែលនិងលីបង់កើតឡើងមែននោះ គ្រាប់ រ៉ុក្កែតនិងមីស៊ីល១៥ម៉ឺនគ្រាប់របស់ក្រុមហេសបូឡាដែលជួយគាំទ្រពីក្រោយដោយអ៊ីរ៉ង់ថែម ទៀតនោះ នឹងធ្វើឱ្យអ៊ីស្រាអែលរងការខូចខាតធ្ងន់ធ្ងរវិញជាមិនខានឡើយ។

ម្យ៉ាងទៀត បើសិនជាសង្គ្រាមថ្មីមួយនោះនឹងកើតឡើងមែន ស្ថានភាពតានតឹងក្នុងតំបន់ឈូង សមុទ្ទក្រហម នឹងកាន់តែកើនឡើងនឹងធ្វើឱ្យគ្រោះថ្នាក់កាន់តែរាលដាលចូលក្នុងតំបន់ ហើយ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងមិនអាចចៀសផុតបានឡើយ។

ក្នុងរឿងមួយផ្សេងទៀតផងដែរ, បើសិនជាមានសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែលនិងលីបង់នោះ កិច្ចប្រឹងប្រែងមួយដែលប្រធានាធិបតីអាមេរិកលោកចូបៃដិន កំពុងតែចង់កសាង ស្នាដៃនៅមុនការលាលែងចេញពី ឆាកនយោបាយនោះ ក៏នឹងអាចត្រូវបរាជ័យជាមិនខានឡើយ។ បំណងចុងក្រោយមួយរបស់លោកប្រធានាធិបតីអាមេរិកចូបៃដិននៅមុនការចូលនិវត្តន៍នយោបាយនោះ គឺការចង់បញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ប៉ុន្តែពេលនេះអំពើបាញ់ប្រហារដោយ គ្រាប់រ៉ុក្កែតចេញពីព្រំដែននៃប្រទេសលីបង់នោះ កំពុងតែធ្វើឱ្យក្តីរំពឹងរបស់ប្រធានាធិបតីអាមេ រិកកំពុងប្រឈមនឹងហានិភ័យ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសលីបង់លោក Abdallah Bou Habib បានប្រាប់ ទូរទស្សន៍ក្នុងស្រុករបស់ខ្លួនថាប្រទេសលីបង់បានទទួលការធានាពីប្រទេសទីបីមួយបញ្ជាក់ ថាការឆ្លើយតបរបស់អ៊ីស្រាអែល នឹងមានការកំណត់ មានន័យថាអ៊ីស្រាអែលទំនងនឹងមិន ធ្វើសង្គ្រាមវាយប្រហារទ្រង់ទ្រាយធំដាក់មកលើប្រទេសលីបង់ក្នុងហេតុការណ៍សងសឹកដែលមានសិស្សសាលាបាត់បង់ជីវិតនោះឡើយ។ អ៊ីស្រាអែលនឹងធ្វើការវាយប្រហារសងសឹកប៉ុន្តែ ស្ថិតនៅក្នុងកម្រិតមួយតែប៉ុណ្ណោះ។ រដ្ឋមន្ត្រីការបរទេសលីបង់ បាននិយាយបញ្ជាក់ថាចំណែក ក្រុមហេសបូឡា ក៏នឹងធ្វើការវាយប្រហារសងសឹកវិញក្នុងការកម្រិតសកម្មភាពដូចគ្នាផងដែរ។ លោក Abdallah Bou Habib បានថ្លែងបង្ហើបទៀតថាគឺសហរដ្ឋអាមេរិកនិងប្រទេសបារាំង បានសម្តែងក្តីព្រួយបារម្ភរបស់ខ្លួនជាខ្លាំងណាស់អំពីបញ្ហាដែលកើតឡើងនេះ៕