(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស Quad (សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា) បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពគំរាមកំហែង និងគ្រោះថ្នាក់របស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង និងបានសន្យាថានឹងពង្រឹងសន្តិសុខផ្នែកសមុទ្រនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ការថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្រោយជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេស Quad នៅទីក្រុងតូក្យូ។ ក្រុមនេះបានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដោយបានថ្កោលទោសសកម្មភាពឯកតោភាគីរបស់ចិន ដែលព្យាយាមផ្លាស់ប្តូរស្ថានភាពដោយកម្លាំង ឬការបង្ខិតបង្ខំ។ ការព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងជប៉ុន បានចាត់ទុកប្រទេសចិនថាជា «បញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំបំផុត» នៅក្នុងតំបន់។
ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ចិន ក្រុម Quad បានប្រកាសផែនការដើម្បីបង្កើតកិច្ចសន្ទនាផ្នែកច្បាប់សមុទ្រថ្មីមួយ និងបានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខសមុទ្រ។ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងលំហូរនៃពាណិជ្ជកម្មតាមផ្លូវសមុទ្រស្របច្បាប់៕