(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់នូវប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយ បន្ទាប់ពីទឹកជំនន់បានបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរនៅភាគពាយ័ព្យប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅតាមព្រំដែនកូរ៉េខាងជើង-ចិន បានបង្កឱ្យមានការជម្លៀសចេញជាបន្ទាន់ ដោយមានប្រជាជនជាង ៥,០០០នាក់ត្រូវបានជួយសង្គ្រោះ។ ឧទ្ធម្ភាគចក្រយោធា កងទ័ពជើងទឹក និងទូករបស់រដ្ឋាភិបាល ត្រូវបានប្រើប្រាស់ដើម្បីជួយដល់ប្រជាជនដែលរងគ្រោះ។
លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបញ្ជាឱ្យផ្តល់អាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ដល់ប្រជាជនដែលរងគ្រោះ។ គាត់ក៏បានកំណត់ភារកិច្ចសម្រាប់ការស្តារ និងសង្គ្រោះឡើងវិញផងដែរ។
មេដឹកនាំកូរ៉េខាងជើង បានរិះគន់មន្ត្រីដែលបានបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ពួកគេ ទោះបីជាមានការព្រមានអំពីទឹកជំនន់ក៏ដោយ។ គាត់បានសង្កត់ធ្ងន់ថា អាកប្បកិរិយាមិនទទួលខុសត្រូវបែបនេះមិនអាចមើលរំលងបានឡើយ។
គួរបញ្ជាក់ថា ទឹកជំនន់នៅរដូវក្តៅនៅកូរ៉េខាងជើង តែងតែបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដីស្រែចម្ការ ដោយសារតែការបង្ហូរទឹកមិនល្អ ការកាប់បំផ្លាញព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធទ្រុឌទ្រោម។ នេះវាបានបន្ថែមភាពតានតឹងដល់បញ្ហាប្រឈមសេដ្ឋកិច្ច ដែលកូរ៉េខាងជើងកំពុងជួបប្រទះ៕