(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានចេញមុខចូលរួមសម្តែងការអបអរសាទរ ទៅកាន់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro សម្រាប់ការបន្តជាប់ឆ្នោតអាណត្តិទី៣ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលលទ្ធផលត្រូវបានបដិសេធ ដោយគណបក្សប្រឆាំងនៅក្នុងប្រទេសផ្ទាល់ ព្រមទាំងដោយប្រទេសមួយចំនួន នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា «ចិនឈរត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តជំរុញ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់យើងថែមទៀត និងធ្វើឱ្យកាន់តែប្រសើរនូវអត្ថប្រយោជន៍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។ ការអបអរសាទររបស់ទីក្រុងប៉េកាំងធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានបង្ហាញចេញនូវក្តីបារម្ភថា លទ្ធផលបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា គឺមិនត្រឹមត្រូវ ហើយអំពាវនាវឱ្យការរាប់សន្លឹកឆ្នោត មានយុត្តិធម៌និងតម្លាភាព។
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់គណៈកម្មការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា លោក Maduro បានបន្តជាប់ជាប្រធានាធិបតីសម្រាប់អាណត្តិទី៣ ជាមួយសំឡេងគាំទ្រ៥១.២ភាគរយ។ យ៉ាងណាមិញ ក្រុមប្រឆាំងបានបដិសេធទទួលស្គាល់ ជ័យជម្នះរបស់លោក Maduro ដោយអះអាងថា បេក្ខជនរបស់ពួកគេឯណោះទេ ទើបជាអ្នកឈ្នះជាមួយសំឡេងគាំទ្រដល់ទៅ៧០ភាគរយ។ បើតាមគណៈកម្មការបោះឆ្នោត បេក្ខជនរបស់ក្រុមប្រឆាំង លោក Edmundo Gonzalez Urrutia ទទួលបានសំឡេងគាំទ្រ ត្រឹម៤៤.២ភាគរយ។ រីឯបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដូចជាស៉ីលី កូស្តារីកា និងប៉េរូ ជាដើម ក៏បានបង្ហាញមន្ទិលសង្ស័យ ចំពោះលទ្ធផលបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា ផងដែរ៕