(ប៉េកាំង)៖ ថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និង ក្រុមហ៊ុន MEDIAPRO Groupរបស់អេស្ប៉ាញបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

ភាគីទាំងពីរបានដើរដល់គំនិតឯកភាព អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជាការចែករំលែកធនធានព័ត៌មាន ការផលិតកម្មវិធីសោតទស្សន៍ និងការច្នៃប្រឌិតថ្មី និងប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើម។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Benet ប្រធានក្រុមហ៊ុន MEDIAPRO Group បានតំណាងឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

លោក Shen Haixiong បានថ្លែងថា ក្រុមហ៊ុន MEDIAPRO Group មានបទពិសោធដ៏សម្បូរបែប និងទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡា ការស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ។ លោកសង្ឃឹមថា ភាគីទាំងពីរ នឹងយកកិច្ចសហប្រតិបត្តិការនេះជាឱកាស ដើម្បីពង្រឹងការផ្លាស់ប្តូរក្នុងវិស័យផ្សាយបន្តផ្ទាល់ នូវព្រឹត្តិការណ៍កីឡា ការផលិតភាពយន្ត និងខ្សែរឿងភាគទូរទស្សន៍ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

លោក Benet បានឆ្លើយតបថា ក្នុងនាមជាប្រព័ន្ធសារព័ត៌មានចម្រុះលំដាប់ពិភពលោក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានទទួលខុសត្រូវការផ្សាយបន្តផ្ទាល់ នូវការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសក្នុងវិញ្ញាសាមួយចំនួន ដែលបង្ហាញពីកម្លាំងខ្លាំងក្លា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ យើងទន្ទឹងរង់ចាំធ្វើការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរវប្បធម៌ និងមិត្តភាពរវាងប្រជាជនអេស្ប៉ាញ និងចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន