(មូស្គូ)៖ ក្រុមមន្រ្តីរុស្ស៉ី បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងកៀវប្រើយន្តហោះដ្រូនរាប់សិបគ្រឿង ដើម្បីវាយប្រហារមកលើតំបន់ Kursk គិតចាប់តាំងពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ហើយបានធ្វើឱ្យខូចខាតឃ្លាំងស្តុកប្រេងមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០២៤។
បើតាមក្រសួងការពារជាតិរុស្ស៉ី ដ្រូន ១៩គ្រឿងដែលបាញ់ចេញពីអ៊ុយក្រែន ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសរុស្ស៉ី។ អភិបាលតំបន់ Kursk លោក Andrei Smirnov បានឱ្យដឹងថា ដ្រូន ១៩នោះត្រូវបានបំផ្លាញដោយប្រព័ន្ធការពារក្នុងតំបន់ កាលពីថ្ងៃអាទិត្យ។ ក្រុមពន្លត់អគ្គិភ័យ បន្តពន្លត់ភ្លើងឆេះនៅឯឃ្លាំងស្តុកប្រេងមួយ ក្នុងតំបន់ ខណៈដែលការវាយប្រហារនោះ បង្កការខូចខាតតិចតួចដល់អគារលំនៅឋានមួយចំនួន។ សរុបមក ប្រព័ន្ធការពារដែនអាកាស បានស្ទាក់បំផ្លាញដ្រូនចំនួន ៣៩គ្រឿង ដែលអ៊ុយក្រែនកំណត់គោលដៅលើទឹកដីរុស្ស៉ី ពេញមួយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យកន្លងមក។ ក្នុងនោះ ៩គ្រឿងនៅតំបន់ Belgorod, ៥គ្រឿងនៅ Bryansk, ៣គ្រឿងនៅ Voronezh និង ៣គ្រឿងទៀតនៅ Leningrad ដែលស្ថិតនៅភាគខាងលិចនៃប្រទេស។
គួរបញ្ជាក់ថា មន្ត្រីរុស្ស៉ី កម្របង្ហាញអំពីទំហំពេញលេញនៃការខូចខាត ដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ុយក្រែនណាស់។ កន្លងមក អ៊ុយក្រែនធ្លាប់និយាយថា ការវាយប្រហារដោយយន្តហោះដ្រូន គឺជាការឆ្លើយតបនឹងការបន្តវាយប្រហារតាមផ្លូវអាកាស របស់រុស្ស៉ី៕