(ប៉េកាំង)៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំនៅថ្ងៃទី ២៥ ខែកក្កដា ដើម្បីសិក្សាស្រាវជ្រាវ និងចាត់ចែងការងារបង្ការ និងជួយសង្គ្រោះគ្រោះទឹកជំនន់។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។

កិច្ចប្រជុំបានចង្អុលបង្ហាញថា ឆ្នាំនេះ នៅប្រទេសចិនមានភ្លៀងធ្លាក់ច្រើន និងអូសបន្លាយយូរ ងាយកើតមានទឹកជំនន់ពីទឹកទន្លេ ហើយតំបន់មួយចំនួន មានភ្លៀងធ្លាក់ខ្លាំងសាចុះសាឡើង ដូច្នេះ ស្ថានភាពបង្ការទឹកជំនន់មានភាពតានតឹងនិងស្មុគស្មាញ។ ក្រោមការដឹកនាំដ៏រឹងមាំ របស់គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាស្នូល គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ បានធ្វើសកម្មភាពឆ្លើយតបយ៉ាងឆាប់រហ័ស និងធ្វើកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត អគ្គបញ្ជាការដ្ឋានជាតិបង្ការទឹកជំនន់ និងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតរបស់ចិន និងអាជ្ញាធរមានសមត្ថកិច្ចនានា បានបំពេញភារកិច្ច និងធ្វើការរួមគ្នា កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ ភ្នាក់ងារពន្លត់អគ្គិភ័យនិងក្រុមជួយសង្គ្រោះ និងកម្លាំងជួយសង្គ្រោះជំនាញ បានឆ្លើយតបតាមបទបញ្ជា ខំប្រឹងបំពេញការងារប្រយុទ្ធប្រឆាំង និងជួយសង្គ្រោះគ្រោះទឹកជំនន់ កម្មាភិបាល និងមហាជនបានសហការគ្នា ដើម្បីការពារផ្ទះរបស់ខ្លួន ដែលបានទទួលលទ្ធផលសំខាន់ជាដំណាក់កាល។

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវតម្កល់សុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពជានិច្ច ហើយខិតខំប្រឹងប្រែងធ្វើការងារ ជួយសង្គ្រោះជាបន្ទាន់ ដើម្បីកាត់បន្ថយករណីស្លាប់និងរងរបួសឱ្យដល់កម្រិតអប្បបរមា ត្រូវពង្រឹងការចាត់ចែងរួម និងចាត់វិធានការឆ្លើយតបជាមុន។ កិច្ចប្រជុំបានតម្រូវឱ្យគណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្ត យ៉ាងយកចិត្តទុកដាក់ តាមសេចក្តីសម្រេចចិត្ត និងការចាត់ចែងរបស់ គណៈកម្មាធិការមជ្ឈិមបក្ស អគ្គបញ្ជាការដ្ឋានជាតិ ត្រូវពង្រឹងការចាត់ចែង និងសម្របសម្រួល កម្មាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការដឹកនាំនៅជួរមុខ ហើយភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការយ៉ាងជិតស្និទ្ធ អង្គភាពបក្សនៅមូលដ្ឋាន និងសមាជិកបក្ស និងកម្មាភិបាលត្រូវមានភាពក្លាហាន និងមានទំនួលខុសត្រូវ ដើម្បីបំពេញការងារបង្ការ និងជួយសង្គ្រោះទឹកជំនន់នៅជួរមុខ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

វិទ្យុមិត្តភាពកម្ពុជាចិន