(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា លោករដ្ឋមន្រ្តី Antony Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង» សម្រាប់អ៊ុយក្រែន នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០២៤។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងស្តីពីជំនួបរវាង លោក Jaishankar និងលោក Blinken កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ «លោក Blinken បានលើកពីសារៈសំខាន់នៃការសម្រេចបាន នូវសន្តិភាពសម្រាប់អ៊ុយក្រែន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ»។ តែបើតាមការបង្ហោះលើគណនីបណ្តាញសង្គម ទាំងរបស់លោក Blinken និងលោក Jaishankar មានការលើកឡើងពីជំនួបនៃអ្នកទាំងពីរ ប៉ុន្តែគ្មានការបង្ហាញថា បានយកបញ្ហាអ៊ុយក្រែន មកជជែកគ្នានោះទេ។

គួរបញ្ជាក់ថា ការពិភាក្សាកត់សម្គាល់បញ្ហានេះកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ ជុំវិញផែនការនៃដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តី លោក Narendra Modi ទៅកាន់អ៊ុយក្រែន ដែលបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា អាចនឹងធ្វើឡើងនៅសីហា។ ប្រសិនបើជាការពិតមែននោះ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក Modi គិតចាប់តាំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះឡើង ហើយតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយលោក Modi ជួបលោក ពូទីន នៅទីក្រុងមូស្គូ ដែលបានធ្វើឱ្យលោក ហ្សេលេនស្គី ខកចិត្តជាខ្លាំង៕