(ការ៉ាកាស)៖ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសវ៉េណេស៊ុយអេឡា បានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយប្រធានាធិបតីលោក Nicolas Maduro បន្តជាប់ឆ្នោតសាជាថ្មី ជាមួយសំឡេងគាំទ្រ៥១.២ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤។
វាគឺជាអាណត្តិទី៣ហើយ សម្រាប់លោក Maduro ដែលមានវ័យ៦១ឆ្នាំ បន្ទាប់ពីរូបលោក បានឡើងកាន់អំណាចដំបូង កាលពីឆ្នាំ២០១៣។ អំឡុងពេលកាន់អំណាច លោក Maduro បានរងការចោទប្រកាន់អំពីការចាប់ឃុំខ្លួនអ្នករិះគន់ និងការធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំង។ ចំណែក ការបោះឆ្នោតប្រធានាធិបតីឆ្នាំនេះ ក៏មានការចោទប្រកាន់ផងដែរ អំពីការសម្លុតគំរាមក្រុមប្រឆាំង និងក្តីបារម្ភអំពីការក្លែងបន្លំសន្លឹកឆ្នោត។
គួរបញ្ជាក់ថា បើតាមគណៈកម្មការបោះឆ្នោតវ៉េណេស៊ុយអេឡា សំឡេងឆ្នោត៤៤.២ភាគរយទៀត គឺបានទៅលើបេក្ខជនក្រុមប្រឆាំង Edmundo Gonzalez Urrutia ដែលបាននាំមុខក្នុងការស្ទង់មតិជាបន្តបន្ទាប់ នាពេលកន្លងមក។ លោក Gonzalez Urrutia ជំនួសមេដឹកនាំក្រុមប្រឆាំងដ៏មានប្រជាប្រិយ គឺលោកស្រី Maria Corina Machado ដែលត្រូវបានរារាំងមិនឱ្យចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។ ដោយឡែក បណ្តាប្រទេសនៅក្នុងតំបន់ រួមមានទាំងសហរដ្ឋអាមេរិក បានចេញមុខសម្តែងមន្ទិលសង្ស័យរបស់ពួកគេ ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ហើយក្រុមប្រឆាំងនៅវ៉េណេស៊ុយអេឡាផ្ទាល់ ក៏បានប្រកាសមិនទទួលស្គាល់ ជ័យជម្នះរបស់លោក Maduro ដែរ៕