(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសមកពីអូស្រ្តាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលគេស្គាល់ថាជាក្រុមប្រទេស Quad បានជួបជុំគ្នាក្នុងទីក្រុងតូក្យូ នៅថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាដែលអាចផ្តោតលើសន្តិសុខដែនសមុទ្រ ​និងគំនិតផ្តួចផ្តើមកសាងរការពារសន្តិសុខតាមអ៉ីនធើណេត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ ២០២៤។

កិច្ចភាក្សាដែលចូលរួមដោយ លោកស្រី Penny Wong របស់អូស្រ្តាលី លោក Subrahmanyam Jaishankar របស់ឥណ្ឌា លោកស្រី Yoko Kamikawa របស់ជប៉ុន និងលោក Antony Blinken របស់សហរដ្ឋអាមេរិក ធ្វើឡើងតាមការជជែកគ្នាផ្នែកសន្តិសុខ រវាងទីក្រុងតូក្យូ និងទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ថ្លែងបើកកិច្ចពិភាក្សា លោកស្រី Wong បានបញ្ជាក់ថា «យើងទាំងអស់គ្នាដឹងហើយថា តំបន់របស់យើង និងពិភពលោក កំពុងត្រូវបានរៀបចំឡើងវិញ។ យើងទាំងអស់គ្នាយល់ថា ខ្លួនជួបប្រទះនឹងកាលៈទេសៈដ៏ប្រឈមមុខបំផុត មិនធ្លាប់មានរយៈពេលច្រើនទសវត្សរ៍»។ ចំណែក លោកស្រី Kamikawa បានលើកឡើងពីតម្រូវការកសាងសមត្ថភាពសន្តិសុខតាមអ៉ីនធើណេត និងការផ្តល់ឱកាសបណ្តុះបណ្តាលផ្នែកសន្តិសុខដែនសមុទ្រ ដើម្បីការពារ និងអភិវឌ្ឍភាពរុងរឿងក្នុងឥណ្ឌូប៉ាស៉ីហ្វិក។ ដោយឡែក លោក Blinken គូសបញ្ជាក់ថា «ឥឡូវនេះ មានសង្រ្គាមនៅហ្កាហ្សា អ៊ុយក្រែន ស៊ូដង់ខាងត្បូង ប៉ុន្តែទោះជាយើងកំពុងព្យាយាមធ្វើឱ្យសង្រ្គាមទាំងនេះបិទបញ្ចប់ក្តី ប៉ុន្តែយើងនៅតែផ្តោតយ៉ាងមុតមាំលើតំបន់»

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក បានប្រកាសពីផែនការកែសម្រួលទីបញ្ជាការយោធារបស់ខ្លួននៅជប៉ុន ដើម្បីពង្រឹងការសម្របសម្រួលជាមួយកងកម្លាំងសម្ព័ន្ធមិត្ត។ ផែនការនោះ ស្ថិតក្នុងចំណោមវិធានការណ៍ជាច្រើន ដើម្បីដោះស្រាយនូវអ្វីដែលសហរដ្ឋអាមេរិក និងជប៉ុនចាត់ទុកថាជាបម្រែបម្រួលនៃបរិយាកាសសន្តិសុខ ដោយកត់សម្គាល់លើការគំរាមកំហែងផ្សេងៗពីចិន រួមទាំងសកម្មភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង៕