(តូក្យូ)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា បានប្រកាសពីផែនការធ្វើទំនើបកម្មទីបញ្ជាការយោធារបស់ខ្លួននៅក្នុងប្រទេសជប៉ុន ក្នុងគោលដៅពង្រឹងទំនាក់ទំនង ឱ្យកាន់តែស៊ីជម្រៅជាមួយយោធាជប៉ុន ខណៈប្រទេសទាំង២ ចាត់ទុកចិនជាបញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំបំផុតដែលពួកគេកំពុងប្រឈមនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសពីផែនការនេះធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាសន្តិសុខក្នុងទីក្រុងតូក្យូរវាងរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ជាមួយ សមភាគីជប៉ុន គឺលោកស្រី Yoko Kamikawa និងលោក Minoru Kihara ឬគេស្គាល់ថាជំនួប «២ បូក ២»។ តាមលោក Austin សហរដ្ឋអាមេរិកនឹងធ្វើបច្ចុប្បន្នភាព កងកម្លាំងអាមេរិកឈរជើងក្នុងប្រទេសជប៉ុន ទៅជាកងកម្លាំងមានទីស្នាក់ការកណ្ដាលរួមមួយ ជាមួយការពង្រីកការទទួលខុសត្រូវលើបេសកកម្ម និងប្រតិបត្តិការ។
ប្រមុខការពារជាតិអាមេរិករូបបន្ថែមថាការធ្វើបច្ចុប្បន្នភាពនេះដែរ នឹងក្លាយជាការផ្លាស់ប្ដូរដ៏មានសារៈសំខាន់បំផុតមួយសម្រាប់កងកម្លាំងអាមេរិកក្នុងប្រទេសជប៉ុន ចាប់តាំងពី បង្កើតឡើងមក និងជាការពង្រឹងទំនាក់ទំនងដ៏រឹងមាំបំផុតជាមួយជប៉ុន ក្នុងពេល ៧០ឆ្នាំមកនេះ។
គួរបញ្ជាក់ថា ទីបញ្ជាការយោធាថ្មីខាងលើរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន នឹងត្រូវដឹកនាំដោយឧត្តមសេនីយ៍ផ្កាយ៣ម្នាក់របស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ លោក Austin បានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនច្រានចោលនោះទេ ចំពោះការតែងតាំងមេបញ្ជាការផ្កាយ៤ម្នាក់ ប្រចាំប្រទេសជប៉ុននៅពេលអនាគត ដូចដែលខ្លួនមានមេបញ្ជាការផ្កាយ៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែរ៕