(វ៉ាស៊ីនតោន)៖ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដាថាពួកគេរៃប្រាក់ បាន ២០០លានដុល្លារ និងជ្រើសរើសបានអ្នកធ្វើការស្ម័គ្រចិត្តថ្មី ១៧០ ០០០នាក់ ក្នុងពេលមួយសប្ដាហ៍ ចាប់តាំងពីលោកស្រីប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យ គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីសាឡើងវិញ ហើយបានប្រកាសផ្ដល់ការគាំទ្រដល់លោកស្រី ហារីស ជាបេក្ខជន ជំនួសរូបលោក ដើម្បីប្រកួតតតាំងជាមួយបេក្ខជនប្រធានាធិបតីខាងសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Rob Flaherty ជាអនុប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី ហារីស បានសរសេរថា «ក្នុងពេលមួយសប្ដាហ៍ ចាប់តាំងពីយើងចាប់ផ្ដើម យុទ្ធនាការឃោសនាបោះឆ្នោត @KamalaHarris រៃប្រាក់បាន ២០០លានដុល្លារ ហើយក្នុងប្រាក់ទាំងនេះមាន ៦៦ភាគរយបានមកពីម្ចាស់ឧបត្ថម្ភថ្មីៗ។ មិនតែប៉ុណ្ណោះ យើងក៏ជ្រើសរើសបានអ្នកធ្វើការស្ម័គ្រចិត្តថ្មី ១៧០ ០០០នាក់ផងដែរ»។
គួរបញ្ជាក់ថា ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីដើមខែកក្កដា បាននិយាយថាខ្លួនរៃអង្គាសប្រាក់បាន ៣៣១លានដុល្លារ រាប់ចាប់ពីខែមេសា រហូតដល់ ខែមិថុនា និងសល់លុយក្នុងដៃ ២៨៤.៩លានដុល្លារ៕