(ហ្ស៊េរុយសាឡិម)៖ គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ធ្វើការសម្រេចចិត្តលើវិធីសាស្ត្រ និងពេលវេលា ដើម្បីសងសឹកទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតមួយគ្រាប់លើតំបន់ Golan Heights កាន់កាប់ដោយអ៉ីស្រាអែល ដែលសម្លាប់មនុស្ស ១២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៉ីស្រាអែល និងសហរដ្ឋអាមេរិក បានចោទប្រកាន់ថាការវាយប្រហារដោយគ្រាប់រ៉ុក្កែតលើទីក្រុង Majdal Shams នៃតំបន់ Golan Heights កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ គឺជាស្នាដៃ របស់ក្រុម Hezbollah ហើយដែលនេះជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតលើដែនដីគ្រប់គ្រងដោយអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ចំពោះមុខការព្រួយបារម្ភរឹតតែខ្លាំងពីហានិភ័យនៃការរាលដាលជម្លោះផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ ក៏ប៉ុន្តែ ក្រុម Hezbollah បានច្រានចោលការចោទប្រកាន់នេះ ខណៈអ៉ីស្រាអែលបានសន្យាសងសឹកប្រឆាំងនឹងក្រុមចលនាប្រដាប់អាវុធមានមូលដ្ឋានក្នុងប្រទេសលីបង់មួយនេះ ជាមួយការបើកការវាយប្រហារ តាមផ្លូវអាកាសលើគោលដៅមួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ។
ប៉ុន្តែ ការសងសឹកត្រូវបានគេរំពឹងថានឹងធ្ងន់ធ្ងរជាងនេះ បន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខក្នុងទីក្រុង Tel Aviv។ ក្រោយកិច្ចប្រជុំនេះបញ្ចប់ ការិយាល័យ របស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយថាគណៈរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិធ្វើការសម្រេចចិត្តលើវិធីសាស្ត្រ និងពេលវេលានៃការចាត់វិធានការ សងសឹក។
គួរបញ្ជាក់ថា ក្រោយមានការវាយប្រហារលើតំបន់ Golan Heights បណ្ដាប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអេហ្ស៉ីបជាដើមបានបង្ហាញការព្រួយបារម្ភ រៀងៗខ្លួនពីហានិភ័យនៃការផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ Golan Heights គឺជាទឹកដីដែលអ៉ីស្រាអែលបានដណ្ដើមកាន់កាប់ពីប្រទេសស៊ីរី ក្នុងសង្រ្គាមនៅឆ្នាំ១៩៦៧ តែប្រទេសភាគច្រើនមិនបានទទួលស្គាល់នោះទេ៕