(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានប្តេជ្ញាកាលពីថ្ងៃអាទិត្យថានឹង «ចាប់ផ្តើមឡើងវិញ» កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពរយៈពេល ៣ឆ្នាំក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី ទៅកាន់ទីក្រុងប៉េកាំងចាប់តាំងពីចូលកាន់តំណែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang លោកស្រី Meloni ដែលដឹកនាំរដ្ឋាភិបាលស្តាំនិយមចាប់តាំងពីឆ្នាំ ២០២២ បានប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃទំនាក់ទំនងទ្វេភាគី។ នេះបើទោះបីជាអ៊ីតាលីបានដកខ្លួនចេញពីគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ចិនកាលពីឆ្នាំមុនក៏ដោយ ប្រទេសទាំងពីរនៅតែស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម។
អនុស្សរណៈកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ដែលបានចុះហត្ថលេខារួមមានវិស័យសំខាន់ៗដូចជាការផលិតរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។ ការវិនិយោគរបស់ចិនត្រូវបាន លោកស្រី Meloni រូបនេះមើលឃើញថា ជាឱកាសដ៏ល្អក្នុងការជំរុញសេដ្ឋកិច្ចអ៊ីតាលី។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកស្រីក៏បានជួបជាមួយមេដឹកនាំចិនជាច្រើនរូប រួមទាំងប្រធានាធិបតី Xi Jinping និងបានចូលរួមវេទិកាធុរកិច្ចដែលមានការចូលរួមពីក្រុមហ៊ុនធំៗជាច្រើនរបស់អ៊ីតាលី ដូចជា Pirelli, ENI, និង Leonardo។
គោលដៅចម្បងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកឱកាសថ្មីៗសម្រាប់ក្រុមហ៊ុនទាំងពីរ។ ទោះបីជាដូច្នេះ នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះក៏បានបង្ហាញការព្រួយបារម្ភអំពីការផលិតលើសតម្រូវការរបស់ចិន និងការគាំទ្ររបស់ចិនចំពោះរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ៕